ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីអ្នកកត់កន្ទុយលេខម្នាក់ នៅសង្កាត់ស្វាយប៉ាក

ចែករំលែក៖

ភ្នំពេញៈ ស្ត្រីជាអ្នកកត់កន្ទុយលេខម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប៉ាកឃាត់ខ្លួន រួមទាំងដកហូតវត្ថុតាងមួយចំនួនដើម្បីចាត់ការតាមច្បាប់កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិ- សង្កាត់ស្វាយប៉ាក ខណ្ឌ ឫស្សីកែវ ដោយមានការសម្របសម្រួលពីលោកស្រីកែវ សុគន្ធាព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ ផង ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប៉ាកបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានសហការជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាក ចុះបង្ក្រាបទីតាំងកត់ឆ្នោតកន្ទុយលេខ(វៀតណាម) មួយកន្លែងនៅចំណុចខាងលើហើយបាន ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ឈ្មោះ ជា សុភី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើជាអ្នកកត់ ព្រមទាំងរឹបអូស វត្ថុតាងមួយចំនួនរួមមាន ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ, ប៊ិច៣ដើម, ម៉ាស៊ីនគិតលេខ១គ្រឿង, ស៊េរីឆ្នោតមួយចំនួន និងប្រាក់ចំនួន ៣០.៥០០រៀល។

បច្ចុប្បន្ន ស្ត្រីកត់កន្ទុយលេខខាងលើ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី៕ អរុណរះ


ចែករំលែក៖