ព័ត៌មានទាន់ហេតុការណ៍៖

Smartថាឆ្នាំ២០១៦ខ្លួនបានចូលរួមចំណែកទឹកប្រាក់៣១៣លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន ស្មាតអាស្យាតា ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានប្រកាសថា ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន ខ្លួនបានចូលរួមចំណែកទឹកប្រាក់ ៣១៣លានដុល្លារ ចូលសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ។ ចំនួនទឹកប្រាក់នេះគឺស្មើនឹង ១,៦ភាគរយ នៃផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេសកម្ពុជា ដែលមានប្រភពចេញពីក្រុមហ៊ុនតែមួយប៉ុណ្ណោះ ។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០១៧នេះនៅសណ្ឋាគារសូហ្វីតែលភូកេត្រាក្នុងកម្មវិធីចេញផ្សាយរបាយការណ៍ស្តីពីនិរន្តរភាព ឆ្នាំ២០១៥-២០១៦ ក្រោមវត្តមាន លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

របាយការណ៍ស្តីពីនិរន្តរភាព ឆ្នាំ២០១៥-២០១៦ គឺជារបាយការណ៍និរន្តភាពទី២ ហើយដែលបានដាក់ចេញដោយក្រុមហ៊ុន Smart ។ ឯកសារនេះត្រូវបានបង្កើតឡើងដោយផ្អែកលើទិន្នន័យរយៈពេលពីរឆ្នាំ និងរួមបញ្ចូលនូវកិច្ចផ្តួចផ្តើមនានារបស់ក្រុមហ៊ុន Smart គិតចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៦ ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានមានប្រសាសន៍ថា “របាយការណ៍ស្តីពីនិរន្តរភាព ឆ្នាំ២០១៥-២០១៦ គឺជាការបញ្ជាក់ឡើងវិញនៃចក្ខុវិស័យ សមិទ្ធផលរបស់យើង និងការប្តេជ្ញាចិត្តប្រកបដោយនិរន្តភាព ដែលដាក់ចេញប្រកបដោយតម្លាភាពសម្រាប់ភាគីពាក់ព័ន្ធ និងសាធារណៈជនមើលឃើញ ។ ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន Smart បានចូលរួមចំណែកទឹកប្រាក់ ៣១៣លានដុល្លារ ចូលសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ។ ចំនួនទឹកប្រាក់នេះគឺស្មើនឹង ១,៦ភាគរយ នៃផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេសកម្ពុជា ដែលមានប្រភពចេញពីក្រុមហ៊ុនតែមួយប៉ុណ្ណោះ ។ ក្រុមហ៊ុន Smart ក៏បានបង់ពន្ធ ថ្លៃសេវាឯកសារ និងថ្លៃសេវាផ្សេងៗ សរុបចំនួន ៦៥លានដុល្លារផងដែរ ដែលធ្វើអោយក្រុមហ៊ុនក្លាយទៅជាអ្នកបង់ពន្ធធំជាងគេមួយនៅកម្ពុជា ដែលប្រាក់ចំណូលពន្ធស្មើនឹង ៣,៦ភាគរយ នៃចំណូលពន្ធជាតិសរុបកាលពីឆ្នាំមុន គឺបានពីក្រុមហ៊ុន Smart ។ នៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនបង្កើតការងារដល់មនុស្សចំនួន ៤០.៦៥៦នាក់ នៅប្រទេសកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនបានជួលបុគ្គលិកអោយបម្រើការងារដោយផ្ទាល់ចំនួន ១.០៤៧នាក់ ក្នុងនោះ ៩៨ភាគរយ ជាជនជាតិខ្មែរ និងមាន ៣៧ភាគរយ ជាស្រ្តី ។

ក្នុងឆ្នាំ ២០១៥-២០១៦ ក្រៅពីផ្តោតលើអាជីវកម្មស្នូលរបស់ខ្លួន ក្រុមហ៊ុន Smart ក៏បានផ្តួចផ្តើម និងឧបត្ថម្ភកម្មវិធី គម្រោង និងព្រឹត្តិការណ៍ការងារសង្គមជាច្រើន ដោយផ្តោតលើវិស័យសំខាន់បីគឺ ការអប់រំ បរិស្ថានបៃតង និងកីឡាសហគមន៍ ។ យុទ្ធនាការលើកកម្ពស់អក្ខរកម្មជាតិ ដែលគាំទ្រដោយក្រុមហ៊ុន Smart ក៏បានទទួលស្គាល់ដោយ TelecomAsia ថាជា គម្រោងសហគមន៍ល្អបំផុតប្រចាំឆ្នាំ២០១៦ ផងដែរ ។

គួរបញ្ជាក់ដែរថាចាប់តាំងពីចាប់ផ្ដើមប្រតិបត្តិការ កាលពីឆ្នាំ២០០៨ មក ក្រុមហ៊ុន Smartបានចំណាយដើមទុន និងចំណាយប្រតិបត្តិការអស់ជាង ៩៦៧លានដុល្លារហើយ ដើម្បីជំរុញការអភិវឌ្ឍផ្នែកទូរគមនាគមន៍ចល័តនៅកម្ពុជា និងជាពិសេសសេវាទិន្នន័យអ៊ិនធឺណិតចល័ត ។ ក្នុងឆ្នាំ២០១៥ និង២០១៦ ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយក្រុមហ៊ុនបានចំណាយទុនវិនិយោគសរុបចំនួន ១៤០លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ខ្លួន ។ ក្រុមហ៊ុនក៏បាននឹងកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទៅជាម៉ាកយីហោនៃជីវិតបែបឌីជីថល ដោយបានណែនាំសេវាកម្មឌីជីថល និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតថ្មីៗជាច្រើន ។ នៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនបានណែនាំកម្មវិធីស្តាប់តន្ត្រី និងស្របច្បាប់ដំបូងគេនៅកម្ពុជា ដោយបានចាប់ភាពជាដៃគូជាមួយក្រុមហ៊ុន Universal Music និងបានរៀបចំការប្រគំតន្រ្តី Mega Concert លំដាប់អន្តរជាតិចំនួនពីរលើក ដោយបានអញ្ជើញតារាចម្រៀង Demi Lovato និង Jessie J មកសម្តែងនៅកម្ពុជាផងដែរ៕ វឌ្ឍនា


ចែករំលែក៖