ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុម ចោរកាប់ប្លន់យ៉ាងសកម្មក្នុងរាជធានី បាន៦នាក់បន្ទាប់ពីធ្វើសកម្មភាព កាប់ប្លន់ម៉ូតូពីយុវជន២នាក់បណ្តាលឲ្យស្លាប់ និងរបួស

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ ជិះម៉ូតូចេញពីក្លឹបបំណងទៅផ្ទះ ស្រាប់តែមានក្រុមជនសង្ស័យជាង១០នាក់ ជិះម៉ូតូដេញកាប់ប្លន់យកម៉ូតូបានសម្រេច និងធ្វើឲ្យយុវជនម្នាក់របួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកម្នាក់ទៀតរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧​ នៅមុខសាលាជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ ភ្លាមនោះកម្លាំងអន្តរាគមន៍ ក៏បានប្រដេញឃាត់បានម្នាក់ភ្លាមៗតែម្តង។

លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា​ បន្ទាប់ពីបង្ក្រាបបានបក្ខពួកជនសង្ស័យបានម្នាក់ លោកបានដឹកនាំកម្លាំងប្រតិបត្តិការបង្ក្រាប និងបន្តតាមចាប់បក្ខពួក ដែលគេចខ្លួនបានជាបន្តបន្ទាប់សរុបចំនួន៦នាក់ដោយស្ថិតក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញផងដែរ។

លោកបានបញ្ជាក់ថា ក្រោយធ្វើសកម្មភាពភ្លាមកម្លាំងជំនាញបានជនសង្ស័យម្នាក់ ហើយ​បន្ដស្រាវជ្រាវចាប់បាន២នាក់ទៀត នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ក្រោយមក ក៏បន្តទៅតាមចាប់បក្ខពួកចំនួន៣នាក់នេះ កម្លាំងជំនាញបន្ដសួរនាំ និងតាមប្រមាញ់បានជនសង្ស័យ៣នាក់បន្ថែមទៀត ដែលបានលួចមកសម្ងំ និងដេកនៅក្នុងផ្ទះសំណាក់ ចន្ទពេញវង់ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បើតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ពួកគេបានធ្វើសកម្មភាពប្លន់ និងឆក់ ហើយជាពិសេសឆក់មិនតិចជាង៤០ដងនោះទេ នៅក្នុងរាជធានីភ្នំពេញ ដែលពួកគេអះអាងថា មានគ្នារហូតដល់ទៅជាង១០នាក់ឯណោះ។ យ៉ាងណាមិញ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីបន្ដបង្ក្រាបបក្ខពួក របស់ក្រុមជនសង្ស័យទាំងនេះ បន្ដទៀតផងដែរ។

សូមបញ្ជាក់ថា​ ក្នុងហេតុការណ៍កាប់ប្លន់យកម៉ូតូ Let’s មួយគ្រឿងយប់មិញនេះ ជនរងគ្រោះទី១៖ឈ្មោះ ឆោម វ៉ាន់ឆៃ អាយុ២២ឆ្នាំ ​របួសស្រាល​ ជាអ្នកបើកម៉ូតូ និងទី២៖ឈ្មោះ ហេង ហ៊ត ​អាយុ១៩ឆ្នាំ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ​មានស្រុកកំណើតនៅភូមិបង់បត់ ឃុំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត ។

តាមឲ្យដឹងថា​ នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានចេញពីក្លឹបរាំកំសាន្ត (អាវ៉ាលន) ហើយជិះមកចាក់សាំងជិតក្លឹបនោះ ពេលចេញពីស្ថានីយសាំង ក្រុមជនល្មើស ក៏ជិះម៉ូតូមកប្រហែល៥ទៅ៦គ្រឿង មានគ្នាប្រហែលជា១០នាក់ គប់ដុំថ្មមកលើជនរងគ្រោះ ពេលនោះជន​រងគ្រោះ បើកម៉ូតូរត់គេចរហូតមកដល់ ចំណុចកើតហេតុខាងលើ ក៏ជនល្មើសបានកាប់ជនរងគ្រោះ មួយកាំបិត និងប្លន់យកម៉ូតូតែម្ដង។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរ និងបន្តតាមចាប់បក្ខពួក ដែលនៅសេសសល់ខណៈកំពុង្យាយាមគេចខ្លួន៕ សុខាសែនជ័យ


ចែករំលែក៖