ខេត្តស្វាយរៀង: រថយន្តយីឌុបភ្លៅ៥មួយគ្រឿង អ្នកបើកបរ ងងុយដេក បើកបុកស្លាកសញ្ញា និងរង្វង់មូលនាគព័ន្ធ ហោះទៅបុករបងមន្ទីរអប់រំ ខ្ទេច ទើបទៅមុខលែងរួច មើលទៅគួរឲ្យញាក់សាច់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១៥ ទៀបភ្លឺ ឈានចូលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត លេខ ១២៤-១២៥ ស្ថិតក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
តាមសមត្ថកិច្ច នគរបាលក្រុងបានឲ្យដឹងថា៖ រថយន្ដបង្កម៉ាកហ្វ៊ុយហ្សូ មាន ភ្លៅ៥ ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ៣A ០៥៦៧ បើកបរដោយ ឈ្មោះ ផាន់ណា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរបើកបររថយន្ដ រស់នៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីកើតទៅលិច យ៉ាងលឿន លុះមកដល់ចំណុច កើតហេតុខាងលើ មិនបន្ថយល្បឿននោះទេ សង្ស័យថា អ្នកបើកបរងងុយដេក ក៏បុកស្លាកសញ្ញា បង្ហាញចូល និងឡើងលើបន្ត ទៅបុករង្វង់មូលនាគព័ន្ធ រួច ក៏ជ្រុលល្បឿន ទៅបុករបងមន្ទីរអប់រំ ទើបទៅមុខលែងរួច តែសំណាងល្អ គ្មានរបួស ដល់អ្នកណាម្នាក់នោះទេ។
ប្រភពដដែល បានបន្តទៀតថា៖ ក្រោយបង្កហេតុរួច អ្នកបើកបររថយន្ត ចុះពីរថយន្ត រត់គេចខ្លួនបាត់។ ចំណែករថយន្ដខូចខាតធ្ងន់ ហើយក្នុងនោះ បណ្ដាលឲ្យបែកឃឿន រង្វង់មូលនាគព័ន្ធ បាក់របងមន្ទីរអបរំ និងខូចសញ្ញាប្រាប់ទិស។ រីឯរថយន្ត ត្រូវបានសមត្ថកិច្ច អូសយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដើម្បីរង់ចាំម្ចាស់ ចូលមកដោះស្រាយ តាមផ្លូវច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារមូលហេតុ អ្នកបើកបរងងុយដេក។
បើតាមប្រជា ពលរដ្ឋ ដែលមានទីលំនៅ ជិតនោះ សូមសំណូមពរ ដល់សមត្ថកិច្ច មូលដ្ឋានមេត្តាជួយធ្វើយ៉ាងណា ចាត់ការចំពោះអ្នកបើកបររថយន្តធំៗ ដោយពួកគាត់ បានលើកឡើងថា រថយន្តស្ទើរគ្រប់ប្រភេទ បើកបរលើផ្លូវជាតិលេខ១ ជាពិសេសជិតមកដល់ចំណុច កើតហេតុខាងលើ គឺមិនសូវបន្ថយល្បឿននោះ ដោយអ្នកបើកបរខ្លះ គ្រាន់តែស៊ីផ្លេរប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀតនោះ ដល់ចំណុចនេះ ជារង្វង់មូលបំបែកផ្លូវច្រើន និងផ្លូវកោងខ្លាំងនោះ បណ្តាលឲ្យងាយ គ្រោះថ្នាក់ខ្លាំងណាស់ ទើបពួកគាត់ សំណូមពរ ដល់សមត្ថកិច្ច ជួយសម្រួល និងចាត់វិធានការ ដល់អ្នកបើកបរទាំងនោះផង កន្លងមក ក៏ធ្លាប់មានរថយន្ត បុកសួនច្បាររង្វង់មូលនាគព័ន្ធនេះ និងរបងមន្ទីរអប់រំ ជាច្រើនលើកផងដែរ ៕ យឹម សុថាន