ភ្នំពេញៈ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីបានប្រទះឃើញ សពបុរសម្នាក់ អណ្ដែតទឹកទន្លេសាប ដោយមានស្លាកស្នាមឈាមនៅលើផ្ទៃមុខហើយនាំគ្នាសង្ស័យជាជំហានដំបូងថា ជាករណីឃាតកម្ម។
ការភ្ញាក់ផ្អើលដោយសារប្រទះឃើញសពអណ្តែតទឹកនេះ បានកើតឡើង នៅវេលាម៉ោង៨ និង ៣០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចមាត់ច្រាំងទន្លេសាប ខាងជើងប៉ុស្ដិ៍នគរបាលទួលសង្កែទី១ ចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
មន្ត្រីនគរបាលប៉ុស្តិ៍ទួលសង្កែបានថា សាកសពជនរងគ្រោះ នូវពុំទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថាបុរសនេះមានសម្បុរ ស និងមានអាយុជាង៣០ឆ្នាំ អត់មានពាក់អាវស្លៀកតែខោជើងវែងពណ៌ខ្មៅ មានសភាពហើមស្អុយនិងនៅលើផ្ទៃមុខឃើញមានស្នាម ដាច់ប្រឡាក់ឈាមផង ។
បន្ទាប់មក កម្លាំងនគរបាលមូលដ្ឋាន បានសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រង់សាកសព ពីក្នុងទឹកដើម្បីធ្វើកោសល្យវិច័យ ហើយសង្ស័យជាជំហានដំបូងថា បុរសដែលស្លាប់នេះ អាច ជាករណីឃាតកម្ម ប៉ុណ្ណោះ ៕ អរុណរះ