ព័ត៌មានទាន់ហេតុការណ៍៖

​ឈើ​មូល​ជា​ច្រើន​កំណាត់​ត្រូវ​ឈ្មួញ​យក​មក​លាក់​ទុកក្នុងឃុំល្អាង ​ស្រុក​កំពង់​សៀម​

ចែករំលែក៖

ខេត្តកំពង់ចាមៈ​ ដើម​ឈើ​ស្រឡៅ​តូច​-ធំ​រាប់​សិប​កំណាត់​ ត្រូវបាន​ឈ្មួញ​បង្កប់​ក្រោម​ក្បូនអុស​បណ្តែត​តាម​ផ្លូវ​ទឹកទន្លេមេគង្គ​ នាំយក​មក​ពី​តំបន់ខាងលើ​ យក​មក​លាក់​ទុក​នៅ​ចំណុច​ក្បែរ​ច្រាំង​ទន្លេ​ ស្ថិតក្នុង​ភូមិ​ល្អាង​លើ​ ឃុំ​ល្អាង​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់ចាម​ ​។

ប្រភព​ពី​ប្រជាពលរដ្ឋ ​បាន​ឲ្យ​ដឹងថា​ គំនរ​ឈើ​ស្រឡៅ​ដែល​គេ​ដាក់​តម្រៀប​គរ​លើ​គ្នា​រាប់សិប​ដើម​នេះ​ ត្រូវបាន​ឈ្មួញ​ម្នា​ក់​ ឈ្មោះ ​ប្រុស​ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​គៀន​ជ្រៃ​ បាន​បង្កប់នៅ​ក្រោម​ក្បូន​អុស​ ហើយ​បណ្តែត​តាម​ដងទន្លេមេគង្គ​ ចេញពី​ខេត្ត​ស្ទឹងត្រែង​ យក​មក​លាក់​ទុក​នៅ​ចំណុច​ខាងលើ​ ដើម្បី​អារ​ជ្រៀកលក់​បន្ត​ឲ្យ​ឈ្មួញ​ ក្នុង​​១ម៉ែត្រ​គូប​ តម្លៃ​៥០០ដុល្លារ​អាមេរិក​​។

ពាក់ព័ន្ធ​ករណី​ជំនួញ​ឈើ​ខុសច្បាប់​នេះ​ លោក ​ប៊ិន​ ឡាដា​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​កំពង់​សៀម​ ដែល​លោកធ្លាប់​បាន​ឡើង​ធ្វើ​​ការ​ប្តេជ្ញា​ចិត្ត​ ពេល​ចូល​កាន់​មុខ​តំណែង​ជា​អភិបាល​ស្រុក​នា​ពេល​កន្លង​មក​ថា​ នឹង​បង្ក្រាប​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ និង​បង្ក្រាបរាល់​បទល្មើស​ផ្សេងៗ​ទៀត​នោះ​ លោកបាន​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧នេះ​ថា​ ​នឹង​ចាត់​តាំង​កម្លាំង​ចុះ​ទៅ​មើល​នៅ​ពេល​ណាមួយ​មិន​ខាន​។

ដោយឡែក​លោក ​ប្រាក់​ ណូម៉ា​ នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ករណី​ឈើ​ស្រឡៅ​ខាង​លើ​នេះ​ គឺ​លោក​បាន​ចាត់តាំង​កម្លាំង​ចុះ​ទៅ​មើល​ម្តង​រួច​មក​ហើយ​ ដោយ​មាន​ការ​អះអាង​ថា​ ជាឈើ​របស់​ប្រជាពលរដ្ឋ​ តែ​ទោះជា​យ៉ាងណា​លោក​នឹង​ចាត់​តាំង​កម្លាំង​ចុះ​ទៅ​មើល​ឲ្យ​បាន​ជាក់លាក់​ម្តង​ទៀត​នៅ​ពេល​ក្រោយ​។

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ខាង​លើ​ បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ជា​ពិសេស​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ គួមាន​ចំណាត់ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដូចជា​ករណី​ជំនួញ​ឈើ​ខុសច្បាប់​នេះ​ផង​។

សូម​បញ្ជាក់​ផង​ដែរថា​ ប្រភេទ​ឈើ​ស្រឡៅ​នេះ ​ជា​ប្រភេទ​ឈើ​លេខ​១​ បន្ទាប់​ពី​ឈើ​ប្រណិត​ផ្សេងៗ​ ហើយ​ក៏ជា​ប្រភេទ​ឈើ​កម្រ​ ដែល​មាន​តម្លៃ​ថ្លៃ​ផង​ដែរ​៕ ហេង សូរិយា


ចែករំលែក៖