ភ្នំពេញ៖ ពលរដ្ឋជិត១០០នាក់ រស់នៅឃុំសង្កែសាទប ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ តវ៉ាមុខអង្គការសមធម៌កម្ពុជាដែលជាអង្គការក្រៅរដ្ឋាភិបាល ទីតាំងស្ថិតនៅផ្ទះលេខ៥៥ ផ្លូវលេខ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលកន្លងមកដើរតួនាទីជាអ្នកសម្របសម្រួលដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ តែធាតុពិតបម្រើប្រយោជន៍ក្រុមអង្គការតែប៉ុណ្ណោះ ។
ពលរដ្ឋ តវ៉ាមុខស្នាក់ការអង្គការសមធម៌កម្ពុជា តវ៉ាមុខសហភាពអឺរ៉ុប និង ដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែកញ្ញា ។ មន្ត្រីក្រសួងមហាផ្ទៃ សន្យាថា នឹងពិនិត្យលើពាក្យបណ្ដឹងនេះ ។
តំណាងប្រជាពលរដ្ឋ ថ្លែងថា កន្លងមកអង្គការសមធម៌កម្ពុជា តែងតែចេញមុខអះអាងថា ជាអ្នកសម្របសម្រួលបញ្ហា វិវាទដីធ្លី រវាងពលរដ្ឋ និង ក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ ។ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំ អង្គការមួយនេះមិនដែលបានដោះស្រាយបញ្ហាវិវាទនេះឱ្យពិតប្រាកដនោះទេ ។
ពួកគាត់ បន្តថា ក្រៅពីញុះញង់ឱ្យប្រជាពលរដ្ឋ ធ្វើតែបាតុកម្ម ទាមទារមិនឈប់ឈរ ដោយគ្មានមូលដ្ឋានច្បាស់លាស់ អង្គការសមធម៌កម្ពុជា មិនព្រមចូលខ្លួនតតាំងចំពោះមុខ ក្រុមហ៊ុន ឬ អាជ្ញាធរពាក់ព័ន្ធនោះទេ ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ជាក់ស្តែង បញ្ហាដែលនៅសេសសល់ រវាងក្រុមហ៊ុននិងប្រជាពលរដ្ឋ គឺក្រុមហ៊ុនតែងតែផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចេញមុខមកចរចារនិងរកដំណោះស្រាយ ក្រុមហ៊ុននឹងផ្តល់នូវសំណងជូនប្រជាពលរដ្ឋ ។ ប៉ុន្តែនៅពេលដែលមានប្រជាពលរដ្ឋ ព្រមទទួលសំណង ឬ ទៅចរចារជាមួយក្រុមហ៊ុនបែរជាអង្គការសមធម៌កម្ពុជា ចោទពួកគាត់ថា លក់ក្បាលឱ្យក្រុមហ៊ុន ចុះចូលជាមួយក្រុមហ៊ុន ឬរាជរដ្ឋាភិបាលទៅវិញ។
ដូច្នេះគោលដៅសំខាន់ ប្រជាពលរដ្ឋ ស្នើសុំឱ្យអង្គកាសមធម៌កម្ពុជា បញ្ឈប់សកម្មភាពញុះញង់ ប្រជាពលរដ្ឋបន្តទៀត ទុកឱ្យប្រជាពលរដ្ឋខ្លួនឯង ដោះស្រាយបញ្ហាដែលនៅសល់តិចតួចជាមួយក្រុមហ៊ុនដោយខ្លួនឯង។
ជុំវិញការតវ៉ានេះ ក្រុមអ្នកសារព័ត៌មានព្យាយាមសុំការបញ្ជាក់ពីអង្គការសមធម៌កម្ពុជា តែគ្មានការឆ្លើយតប ។
បន្ទាប់ពីការតវ៉ានៅមុខស្នាក់ការអង្គការសមធម៌កម្ពុជានិងសហភាពអ៊ឺរ៉ុបហើយ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ប្រជាពលរដ្ឋ បន្តយកពាក្យបណ្តឹងទៅដាក់នៅក្រសួងមហាផ្ទៃ ដោយក្នុងពាក្យបណ្តឹងនោះ ប្រជាពលរដ្ឋបានសរសេរថា “ សូមប្តឹងអង្គការសមធម៌កម្ពុជា ពីបទឆបោកហើយឱ្យមានការរើសអើងញុះញង់ឱ្យប្រជាពលរដ្ឋមានភាពជ្រួលច្របល់ក្នុងការតវ៉ាដីធ្លី” ។ ក្នុងនោះដែរ ប្រជាពលរដ្ឋបានសំណូមពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃជួយតាមដានអង្គការជួយពិនិត្យមើលអង្គការសមធម៌កម្ពុជា នេះ កុំឱ្យបន្តសកម្មភាពនៅកម្ពុជាជាបន្តទៀត។ ប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានទទួលយកហើយសន្យាថានឹងពិនិត្យ និងតាមដានតាមការស្នើសុំនេះ៕ ចេស្តា