ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកជំងឺ និងអ្នកកំដរ ព្រមទាំងគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ខណៈដែលប្រទះឃើញបុរសចំណាស់ម្នាក់ បានដេកស្លាប់ក្នុងបន្ទប់ទឹក ដោយសារតែកូនប្រសារចិត្តឃោរឃៅបានច្របាច់ករហូតដល់ដាច់ខ្យល់ បន្ទាប់ពីបានធ្វើសកម្មភាពរឹតកកូនស្រីអាយុ៣ឆ្នាំ នៅរាជធានីភ្នំពេញ ដោយសារតែខឹងប្រពន្ធសុំលែងលះ។
ហេតុការណ៏ភ្ញាក់ផ្អើលដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកកាលពីវេលាម៉ោង១២ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសចំណាស់ដែលស្លាប់ត្រូវជាឪពុកក្មេក មានឈ្មោះពេជ្រ ជឿន ភេទ ប្រុស អាយុ 57ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិ ទន្លៀងឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ចំណែកកូនប្រសារសង្ស័យមានឈ្មោះ អង សំណាង ភេទប្រុស អាយុ 26 ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយបានរៀបការជាមួយប្រពន្ធឈ្មោះ សាខុន អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានកូនស្រីអាយុ៣ឆ្នាំ ជាចំណងដៃដោយមានទីលំនៅភូមិទន្លៀង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុ ដែលបង្កើតឲ្យមានរឿងឃាដកម្មនេះកើតឡើង ដោយសារតែប្រពន្ធរបស់ ជនសង្ស័យបានដាក់ពាក្យសុំលែងលះ ព្រោះខឹងជនសង្ស័យ ជាប្ដី បានចាប់រំលោភម្តាយក្មេក តែមិនបានសម្រេច ដោយប្រពន្ធ បានដឹងរឿងនោះ ។
ប្រភពបន្តថា បន្ទាប់ពីជនសង្ស័យ ខឹងរឿងហេតុខាងលើនេះ ទើបបានយកកូនស្រីទៅភ្នំពេញហើយបានរឹតកសម្លាប់រួចបានបន្តដំណើរ មកសំលាប់ឪពុកក្មេកដល់មន្ទីរពេទ្យខេត្តស្វាយរៀង ព្រោះដឹងថា ដេកពេទ្យយូរថ្ងៃមកហើយ។
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន ខណៈដែលសមត្ថកិច្ចនគរបាលក្រុង កំពុងសហការជាមួយកម្លាំងជំនាញខេត្ត ស្រាវជ្រាវតាមចាប់មុខសញ្ញានេះ ចាត់ការតាមច្បាប់ ៕ យឹម សុថាន