សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា កូរ៉េខាងជើង បានសាកល្បងគ្រាប់បែកបរមាណូលើកទី៦ ដោយមានកម្លាំង បំផ្លាញខ្លាំងជាងលើកទី៥ពី១០-២០ដង។
ការសាកល្បងរបស់កូរ៉េខាងជើង បង្កឲ្យមានការរញ្ជួយដី កម្រិត ៦,៣រិចទ័រ នៅកូរ៉េខាងជើងនាថ្ងៃទី ៣ខែកញ្ញា។ រដ្ឋមន្ត្រីការបរទេសជប៉ុនបានបញ្ជាក់ថា ក្រោយទទួលបានរបាយការជាផ្លូវការ បញ្ជាក់ថា ការរញ្ជួយដីនោះពិតជាការសាកល្បងបរមាណូ របស់ទីក្រុងព្យុងយ៉ាង។ រដ្ឋាភិបាលជប៉ុនបានថ្កោលទោសយ៉ាងខ្លាំង ដល់ការសាកល្បងទាំងនោះ។ ក្រសួងការពារជាតិ ជប៉ុន ក៏បានបញ្ជូនយន្តហោះ ហិតក្លិន T-4 ទៅត្រួតពិនិត្យ សារធាតុវិទ្យុសកម្មបរមាណូ។
ការសាកល្បងខាងលើកើតឡើង ក្រោយប៉ុន្មានម៉ោង ដែលមេដឹកនាំគីមជុងអ៊ុន ប្រកាសថា ទទួលបានជោគជ័យក្នុងការផលិតគ្រាប់បេកបរមាណូ ហីត្រូសែន ។ ហេតុការណ៍កើតឡើង ក្រោយកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលឆ្លងទ្វីបហោះកាត់ (លើក្បាល) ប្រទេសជប៉ុន ធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។
កូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូលើកទី៥ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតំបន់ Punggye ri ។ ក្រុមចារកម្មកូរ៉េខាងត្បូង បានបញ្ជាក់ កាលពីចុងខែសីហាថា ទីក្រុងព្យុងយ៉ាងបានត្រៀមលក្ខណៈ សាកល្បងបរមាណូជាថ្មី លើកទី៦ នៅទីតាំង Punggye ri ការសាកល្បង៥លើកកន្លងមករបស់កូរ៉េខាងជើង គឺនៅឆ្នាំ ២០០៦, ២០០៩, ២០១៣ ហើយនៅឆ្នាំ២០១៦បានសាកល្បង២លើក នៅខែមករា និងខែកញ្ញា ឆ្នាំ២០១៧ ៕ ម៉ែវ សាធី