ភ្នំពេញ: ពិតជាឈាមស្រែកស្បែកហៅ ឃាតកដែលសម្លាប់ឪពុកក្មេក និងកូនស្រីបង្កើតអាយុជាង២ខួប ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌនគរបាលកម្រឹតធ្ងន់សហការ ជាមួយនគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួនបានហើយកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅ ស្រុកកំណើតរបស់ជនសង្ស័យរូបនេះដែលគេចខ្លួនដល់ទីនោះ ។
បន្ទាប់ពីឃាត់ខ្លួនឪពុកតិរច្ឆានសម្លាប់កូនស្រីនិងឪពុកក្មេករួចមកនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យជាឃាតកដែលយកខ្សែភ្លើងចងរឹតកកូនស្រីបង្កើតខ្លួនឯងបណ្តាលឲ្យស្លាប់ ហើយបានឈានទៅដល់ការសម្លាប់ឪពុកក្មេករបស់ខ្លួននៅឯខេត្តស្វាយរៀងម្នាក់ទៀត ហើយដំណើររឿងនៃការសម្លាប់មនុស្សយ៉ាងសាហាវនេះ ត្រូវបានលោកលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បកស្រាយតាមចម្លើយឃាតកថា ជនសង្ស័យជាឃាតកមានឈ្មោះ អង សំណាង ហៅខ្មៅ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកឯជនរងគ្រោះទាំង ២នាក់ដែលជាត្រូវឃាតកសម្លាប់នោះ ទី១-ឈ្មោះ ពេជ ចរិយា ភេទស្រី អាយុ ២ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ មានទីលំនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង និងទី២-ឈ្មោះ ពេជ ជឿន ភេទប្រុស អាយុ ៥៧ឆ្នាំ ត្រូវជាឪពុកក្មេករបស់ជនសង្ស័យ មានទីលំនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង។
តាមចម្លើយរបស់ឃាតកបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១២និង៣០នាទីរសៀល ដោយខ្លួនមិនស្រួលខ្លួនក៏ បានពឹងម្តាយក្មេកឲ្យជួយកោសខ្យល់នៅលើគ្រែក្រោមផ្ទះ។ នៅពេលនោះខ្លួនមានអារម្មណ៍ចង់រួមរ័កក៏បានយកដៃទៅស្ទាបកំប៉េះគូថម្តាយក្មេក ធ្វើឲ្យម្តាយក្មេកភ្ញាក់ ហើយស្រែកឆោឡោខឹងច្រឡោតខ្លួន និងដោយខ្លាចបែកការណ៍ដល់អ្នកដទៃក៏បានយកដៃទៅច្របាច់ក ក្មេកកុំឲ្យស្រែក តែចៃដន្យ ស្រាប់តែមានអ្នកជិតខាងដើរចូលមកដល់រួចក៏បែកការដឹងដល់ប្រពន្ធរបស់ខ្លួន។
លុះព្រឹកឡើងម៉ោង ៧ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប្រពន្ធរបស់ខ្លួន បាននាំគ្នាទៅសាលាឃុំរមាំងថ្កើល ដើម្បីប្តឹងសុំលែងលះគ្នា តែខ្លួនមិនចង់លែងលះទេ។ក្រោយមក ដោយគ្មានជម្រើស ទើបខ្លួនបានយល់ព្រមផ្តិតមេដៃលែងលះគ្នាតែបានទាមទារយកកូនស្រីមកចិញ្ចឹម ហើយប្រពន្ធរបស់ខ្លួនក៏យល់ព្រមដែរ។
ឃាតករូបនេះសារភាពទៀតថា នៅវេលាម៉ោងប្រហែលជា ១១និង០០នាទីព្រឹកថ្ងៃដដែល បន្ទាប់ពីផ្តិតមេដៃលែងលះជាមួយប្រពន្ធរួចមក ខ្លួនបាននាំកូនស្រីមកស្នាក់នៅជាមួយឪពុកម្តាយបង្កើតនៅបន្ទប់ជួលលេខ១០៨ ផ្លូវបេតុង ក្រុម២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។លុះដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ខ្លួន បានធ្វើដំណើរទៅបេនឡានឈ្មួល ដើម្បីជិះរថយន្តទៅខេត្តស្វាយរៀង សុំប្រពន្ធរួមរស់នៅជាមួយគ្នាវិញ តែប្រពន្ធមិនព្រម ថែមទាំងម្តាយក្មេក និងបងប្អូនខាងប្រពន្ធនាំគ្នាដេញខ្លួនឲ្យចេញ និងឈប់មកជាន់ផ្ទះរបស់គាត់ទៀត។ ហើយដោយអស់តម្រិះខ្លួន ក៏បានធ្វើដំណើរជិះរថយន្តឈ្មួលពីខេត្តស្វាយរៀង ត្រឡប់មកផ្ទះឪពុកម្តាយបងប្អូននៅភ្នំពេញវិញ។រហូតដល់ម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ខ្លួនក៏បានរៀបចំគម្រោងសម្លាប់កូនស្រីបង្កើតរបស់ខ្លួនខណៈឪពុកម្តាយបង្កើត មិននៅផ្ទះទើបមានឱកាសល្អខ្លួន បានយកខ្សែភ្លើងចងជារង្វង់ ដើម្បីទាក់កកូនពេលកូនស្រីរបស់ខ្លួនអង្គុយមើលទូរទស្សន៍ ហើយទាញកន្ត្រាក់មួយទំហឹងចងភ្ជាប់នឹងចម្រឹងបង្អួចបណ្តាលឲ្យកូនស្រីខ្លួនដាច់ខ្យល់ស្លាប់។
ក្រោយពី សម្លាប់កូនស្រីរបស់ខ្លួនរួចមក រូបគេក៏បានស្រាយយកខ្សែភ្លើងនោះមកចងកសម្លាប់ខ្លួនឯងដែរ តែដោយសារតែខ្សែតឹងកខ្លាំងពេក ទើបខ្លួនបានរើបម្រាស់បណ្តាលឲ្យដាច់ខ្សែធ្លាក់មកដីមិនស្លាប់ហើយក៏នឹកចង់សងសឹកដល់គ្រួសារម្តាយក្មេករបស់ខ្លួនវិញទើបនៅម៉ោង ១០ព្រឹក ថ្ងៃដដែល ខ្លួនបាន ជិះរថយន្តឈ្មួលធ្វើដំណើរទៅកាន់ខេត្តស្វាយរៀងវិញ។ ពេលទៅដល់ខេត្តស្វាយរៀងភ្លាម ខ្លួនបានទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីជួបឪពុកក្មេករបស់ខ្លួនកំពុងតែសម្រាកព្យាបាលជំងឺនៅទីនោះ។ ពេលជួបឪពុកក្មេកភ្លាម ខ្លួនបាននិយាយប្រាប់រឿង ដែលខ្លួន និងម្តាយក្មេកឈ្លោះគ្នាឲ្យឪពុកក្មេករបស់ខ្លួនបានដឹង ហើយខ្លួនក៏បាននិយាយប្រាប់ទៀតថា ខ្លួនមកទីនេះ គឺចង់សម្លាប់ម្តាយក្មេកតែម្តង។ ពេលឮដូច្នេះ ឪពុកក្មេកបានហាមខ្លួនមិនឲ្យនិយាយបន្តទៀតនាំឲ្យ ខ្មាស់គេ រួច បានឲ្យខ្លួនជួយជូនគាត់ទៅបន្ទប់ទឹកបត់ជើង។ ឆ្លៀតឱកាសនោះដោយ ខ្លួនគិតថា បើមិនបានសម្លាប់ម្តាយក្មេកទេ មានតែសម្លាប់ឪពុកក្មេកចោលស្រាយកំហឹងនិង ដើម្បីឲ្យគាត់ព្រាត់ប្រាស់គ្នាវិញម្តងមើលតើយ៉ាងម៉េច? ដូចខ្លួនត្រូវម្តាយក្មេកពង្រាត់ដែរទេ? ដោយពេលនោះ ឃើញមានឱកាសល្អ រូបខ្លួនក៏បានធ្វើសកម្មភាពច្របាច់កឪពុកក្មេក រួចចាប់ជ្រមុជក្បាលចូលទៅក្នុងទឹក រហូតគាត់ដាច់ខ្យល់ស្លាប់ហើយក៏បានដើរចេញពីមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយជិះរថយន្តឈ្មួលត្រឡប់ទៅភ្នំពេញវិញ។
ឃាតកបានសារភាពបន្តទៀតថា ពេលដល់ភ្នំពេញប្រហែលម៉ោង ៥និង៥០នាទីល្ងាចថ្ងៃដដែល ខ្លួន បានបន្តដំណើរដោយជិះរថយន្តឈ្មួលពីភ្នំពេញទៅស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺហើយពេលមកដល់ចម្ងាយប្រហែល ៧គីឡូម៉ែត្រពីភូមិកំណើត ខ្លួនក៏បានចុះពីលើរថយន្តឈ្មួលដើរទៅដេកលាក់ខ្លួននៅក្នុងព្រៃគេចពីសមត្ថកិច្ចតាមចាប់ខ្លួន។
លុះដល់ព្រឹកថ្ងៃទី៣ ខែឆ្នាំដដែល ខ្លួនបានដើរចេញពីព្រៃ ក្នុងគោលបំណងទៅផ្ទះពូរបស់ខ្លួនឈ្មោះ ចក់ នៅក្នុងភូមិដើម្បីសុំបាយហូប តែមិនតាន់បានបាយហូបផង ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួនតែម្តង។
លោកវរសេនីយ៍ឯក អេង សោភា មានប្រសាសន៍ថាក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យខាងលើរួចមក កម្លាំងសមត្ថកិច្ចរបស់លោកបានកសាងសំណុំរឿងបញ្ជូនខ្លួនឃាតករូបនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕ ប្រាថ្នា