ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ជិះម៉ូតូត្រូវហ្វូងចោរតាមឆក់កាបូបបានសម្រេច និងធាក់ដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ និងនារីម្នាក់ទៀត ដែលរួមដំណើរជាមួយរងរបួសស្រាល ខណៈកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច ហើយបក្ខពួកជនសង្ស័យ ក៏ធាក់ផ្តួលម៉ូតូតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧​ នៅចំណុចខាងកើតស្តុបសន្ធរម៉ុក​ តាមបណ្តោយផ្លូវកម្ពុជាក្រោម​ សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាកTTX ពណ៌លឿងលាយ ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1CH 8694 ឌុបនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម​ ក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ជិះម៉ូតូ៣គ្រឿង មកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះបានសម្រេច ភ្លាមនោះនារីរងគ្រោះបានស្រែកថា ចោរៗ ស្រាប់តែបក្ខពួកជនសង្ស័យមកពីក្រោយទៀតបានធាក់ម៉ូតូជនរងគ្រោះបណ្តាលដួលបោកក្បាល នឹងថ្នល់រងរបួសធ្ងន់ ស្រាល​ ហើយជនសង្ស័យបានជិះគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុក្ខនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ២រង់ចាំម្ចាស់មកទទួលវិញ៕ សុខាសែនជ័យ


ចែករំលែក៖