ក្រុមចារកិច្ចកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា កូរ៉េខាងជើងមានការត្រៀមលក្ខណៈសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបជាថ្មី ដោយពេលនេះ បានបញ្ជូនមីស៊ីល ទៅកាន់ទីតាំងសាកល្បង នៅភាគខាងលិចប្រទេសនេះ។
កាំជ្រួចមីស៊ីលត្រូវបានកូរ៉េខាងជើងបញ្ជូនទៅកាន់ទីតាំងសាកល្បងនៅថ្ងៃទី៤ ខែកញ្ញា គឺក្រោយមួយថ្ងៃ ដែលកូរ៉េខាងជើងប្រកាសថា បានសាកល្បងគ្រាប់បែកបរមាណូ ហីត្រូស៊ីន ពង្រួមតូច សម្រាប់បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប ICBM។ កាំជ្រួចមីស៊ីលខាងលើបានបញ្ជូននៅពេលយប់ ដើម្បីបញ្ចៀសការ តាមដាន់ របស់អាមេរិក និងកូរ៉េខាងត្បូង។
ក្រុមសេវាកម្មស៊ើបអង្កេតជាតិហៅកាត់ (NIS) បានប្រាប់ដល់សមាជិកសភានៅក្នុងពេលបិទបញ្ជប់អង្គប្រជុំមួយនៅថ្ងៃទី៤ ខែកញ្ញា ថា ក្រុងព្យុងយ៉ាងអាចនឹងបាញ់មីស៊ីលនៅក្នុងអំឡុងពេលប្រារព្វខួប នៃការបង្កើតរបបកុម្មនីស្ត ដែលរៀបចំឡើងចំថ្ងៃសៅរ៍ ឬការបង្កើតឡើងនូវបក្សកាន់អំណាចគឺគណបក្សកម្មករ (Worker’s Party) នៅថ្ងៃទី១០ ខែតុលាខាងមុខ។
គួររំលឹកថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងក្នុងនោះមានមីស៊ីល ICBM ចំនួន២លើក នៅក្នុងខែកក្កដា កន្លងមកនេះ ដែលអាចបាញ់ឆ្លងរំលងប្រទេសជាច្រើនក្នុងនោះ រាប់ទាំងប្រទេសជប៉ុនដែរ។
កាលពីសប្តាហ៍មុនក្រុងព្យុងយ៉ាងបានបាញ់គ្រាប់ផ្លោង Hwasong-12 ដែលជាគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយបានហោះរំលងទឹកដីនៃប្រទេសជប៉ុន។
ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនទាន់បញ្ជាក់ពីព័ត៌មានខាងលើនៅឡើយ ។ កន្លងមកក្រុមចារកម្មកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើង នឹងបន្តសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបជាច្រើនលើកទៀត ដើម្បីត្រួតពិនិត្យកម្រិតគោលដៅ មុនពេលបំពាក់ក្បាលគ្រាប់បរមាណូហីត្រូស៊ីន និងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងការពារជាតិកូរ៉េខាងជើង។
ពាក់ព័ន្ធនឹងស្ថានភាពនៅឧបទ្វីបកូរ៉េនេះដែរ កម្លាំងទាហានជើងទឹកកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅព្រំដែនសមុទ្រ ជាការបង្ហាញ សាចដុំដើម្បីសងសឹកប្រឆាំងនឹងការបង្កហេតុរបស់កូរ៉េខាងជើង ក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានសាកល្បងបរមាណូ។
ពាក់ព័ន្ធនឹងសម្ភារសឹកដែលបានមកពីអាមេរិកក្នុងចំណោមទ្រព្យសម្បត្តិ ដែលបានគៀងគរបានមកនោះ គឺមាននាវាចម្បាំង Gangwon ២៥០០តោន នាវាល្បាត ១០០០តោន នាវាដឹកមីស៊ីល ៤០០តោន និងទូកល្បឿនលឿន ១៣០តោន ដែលបញ្ជូនមកក្នុងគោលបំណងប្រឆាំងនឹងកូរ៉េខាងជើង។
ការហ្វឹកហ្វឺនលើកនេះ គឺសំដៅលើកកម្ពស់ឥរិយាបថឆ្លើយតបភ្លាមៗរបស់យោធាប្រទេសកូរ៉េខាងត្បូង ប្រឆាំងនឹងការបង្កហេតុរបស់កងទ័ពជើងទឹកកូរ៉េខាងជើង ៕ ម៉ែវ សាធី