ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃសែនក្បាលទឹកប្រពៃណីជនជាតិចិនឆេះផ្ទះ២ខ្នងនៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសែនក្បាលទឹកប្រពៃណីជនជាតិចិន យ៉ាងហោចណាស់ផ្ទះចំនួន២ខ្នង នៅខេត្តបន្ទាយមានជ័យ បានរងការឆាបឆេះដោយអគ្គីភ័យអស់ទាំងស្រុង ក្នុងហេតុការណ៍២ករណីផ្សេងគ្នា នៅក្រុងសិរីសោភ័ណ ១ករណី និងនៅស្រុកព្រះនេត្រព្រះ១ករណី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។

គ្រោះអគ្គីភ័យ សេចក្តីរាយការណ៍ឲ្យដឹងថា មិនបង្កឲ្យរងរបួសរឺគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។ ទ្រព្យសម្បត្តិ និងសម្ភារៈមួយចំនួនធំនៅក្នុងផ្ទះទាំង២ខ្នងបានរងការខូចខាតបាត់បង់។

អគ្គីភ័យទាំង២ករណីនោះដែរ គេសង្កេតឃើញកម្លាំងនគរបាលទាំង២ស្រុកក្រុងខាងលើដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមនឹងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត៣ទៅ៤គ្រឿង បានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងមិនឲ្យរាលដាលឆាបឆេះផ្ទះប្រជាពលរដ្ឋអ្នកជិតខាងថែមទៀតនោះឡើយ។

ករណីទី១, បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះឲ្យដឹងថា កាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នា២០១៧ ផ្ទះប្រជាពលរដ្ឋ១ខ្នងធ្វើអំពីឈើលើថ្មក្រោមដំបូលប្រក់ស័ង្កសីទំហំ៩ម៉ែត្រគុណ៨ម៉ែត្រ នៅភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានរងការឆាបឆេះដោយអគ្គីភ័យ ខណៈដែលម្ចាស់ផ្ទះនាំគ្នាជាប់រវល់លក់ដូរអីវ៉ាននៅក្នុងតូបខាងមុខផ្ទះ ខណៈដែលមានអគ្គីភ័យកើតឡើង គេសង្កេតឃើញរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុក និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសរុបចំនួន២គ្រឿង បានចេញទៅបាញ់ទឹកពន្លត់ភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយចំណាយទឹកអស់២រថយន្ត ធ្វើឲ្យអគ្គីភ័យនោះរលត់ទាំងស្រុងក្នុងរយៈពេលប្រហែល១កន្លះម៉ោងប៉ុណ្ណោះ។

លោកអធិការនគរបាលស្រុកព្រះនេត្រព្រះប្រាប់ឲ្យដឹងទៀតថា អគ្គីភ័យនោះបង្កឲ្យឆេះផ្ទះ ដែលមានម្ចាស់រងគ្រោះឈ្មោះគ្រុឌ ផាន ភេទស្រី អាយុ៨៦ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ស

មត្ថកិច្ចធ្វើការស្រាវជ្រាវស៊ើបអង្កេត និងសន្និដ្ឋានថាបង្កឡើងដោយទុស្សេខ្សែភ្លើង។ភ្លើងផ្សែងចាប់ផ្តើមឆេះពីចំណុចក្នុងបន្ទប់មួយកន្លែងផ្នែកខាងលើផ្ទះរហូតរាលដាលដល់ឆេះផ្នែកខាងក្រោម។អគ្គីភ័យបានបង្កឲ្យខូចខាតម៉ូតូ១គ្រឿងរួម និងទ្រព្យសម្បត្តិសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំផងដែរ។

ករណីទី២នៅក្រុងសិរីសោភ័ណឯណោះវិញ,បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណឲ្យដឹងថា កាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ផ្ទះមួយខ្នងធ្វើអំពីឈើលើថ្មក្រោមដំបូលប្រក់ស៊ីប្រូស៊ីម៉ង់ត៍ មានទំហំ៧ម៉ែត្រគុណ១៥ម៉ែត្រ នៅចំណុចខាងក្រោយភោជនីយដ្ឋានផ្កាយព្រឹក ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ខណៈដែលម្ចាស់ផ្ទះនៅនឹងផ្ទះនោះផងដែរ។

អគ្គីភ័យកំពុងកើតឡើងនោះគេសង្កេតឃើញមានមនុស្សចាស់ម្នាក់ និងកូនក្មេងតូចម្នាក់នៅក្នុងផ្ទះ ប៉ុន្តែត្រូវបានរត់ប្រជាពរដ្ឋរំដោះចេញគេចផុតគីគ្រោះថ្នាក់។បន្ទាប់មកមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន២គ្រឿងបានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទប់ស្កាត់មិនរារាំងទាន់ពេលវេលាមិនឲ្យភ្លើងទៅឆាបឆេះផ្ទះអ្នកជិតខាង៣ខ្នងក្បែរនោះបានឡើយ។ អគ្គីភ័យត្រូវបានពន្លត់ទាំងស្រុងដោយប្រើប្រាស់ទឹកចំនួន៦រថយន្ត។

លោកអធិការនគរបាលក្រុងសិរីសោភ័ណប្រាប់ឲ្យដឹងទៀតថា មុនពេលើកើតហេតុគេឃើញភ្លើងចាប់ផ្តើមឆេះផ្ទុះនៅផ្នែកខាងលើផ្ទះក្រោយមកបានរាលដាល់ឆាបឆេះជាបន្តបន្ទាប់ បង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ។ លុះបន្ទាប់មករថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត២គ្រឿងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបានបាញ់ទឹកពន្លត់ទើបគ្រង់គ្រងស្ថានការណ៍នោះបាន។អគ្គីភ័យនោះបើតាមការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចសនិ្នដ្ឋានថាបង្កឡើងដោយទុស្សេខ្សែភ្លើងចំណុចគុបភ្លើងនៅលើផ្ទះ។ម្ចាស់ផ្ទះរងគ្រោះប្តីឈ្មោះ ឆុង ណាន់ អាយុ៥៤ឆ្នាំប្រពន្ធឈ្មោះ ប៉ាន ស្រីម៉ៅ អាយុ៥១ឆ្នាំ ។ទ្រព្យសម្បត្តិរងការខូចខាតគឺមានតែសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះប៉ុណ្ណោះ។

នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ម្ចាស់ផ្ទះរងគ្រោះនៅស្រុកព្រះនេត្រព្រះ បានទទួលនូវអំណោយពីលោកឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យតាមរយៈលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនូវស័ង្កីចំនួន៥០សន្លឹករួម និងថវិការគ្រឿងឧបភោគបរិភោគមួយចំនួនធំផងដែរ ដើម្បីជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ៕ សំ វិច្ឆិកា


ចែករំលែក៖