ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករខ្មែរផ្សារហាតឡិកក្នុងប្រទេសថៃជាប់ច្រកទ្វារចាំយាមបិទតូបមិនហ៊ានបើកលក់ ខ្លាចថៃចាប់ទំនិញ

ចែករំលែក៖

ខេត្តកោះកុង៖ រយៈពេល២ថ្ងៃកន្លង ទៅគឺថ្ងៃទី៥ និងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថានភាពភ្ញៀវចេញចូលតំបន់ច្រកទ្វារអន្តរជាតិចាំយាមហាក់មានសភាពស្ងាត់ជ្រងំ ដោយសារតែតូបលក់ដូរប្រមាណជា៩០ភាគរយនៅក្នុងផ្សារហាតឡិក ក្នុងប្រទេស ថៃបានបិទទាំងស្រុង ។

យោងតាមប្រភពពីក្រុមអាជីវករបាន ឲ្យដឹងថា ការបិទទ្វារតូបមិនលក់ដូរនេះដោយសារទាហានថៃបានចុះមកត្រួតពិនិត្យ និងចាប់អាជីវករខ្មែរមិនឲ្យលក់ ហើយបើ នៅតែមានបើកលក់ពួកគេនឹងចាប់ឲ្យបង់ពិន័យជាប្រាក់ចំនួន៣សែនបាត ។

ប្រភពមួយទៀតបានលើកឡើងដែរថា ការបិទតូបមិនលក់ដូរនេះដោយសារទាហាន ថៃចុះមកធ្វើរដ្ឋបាល ហេតុនេះទើបលោក មេភូមិប្រាប់ឲ្យអាជីវករខ្មែរទាំងអស់នាំគ្នា សម្រាកឈប់លក់ដូរមួយរយៈពេលខ្លីសិន។ ជុំវិញករណីខាងលើសមត្ថកិច្ចច្រកទ្វារអន្តរ ជាតិចាំយាមបានឲ្យដឹងថា ពិតជាមានករណី ចុះចាប់មែនតែគេចុះចាប់ត្រឹមតែអ្នកដែល លក់របស់ក្លែងក្លាយដែលមានត្រឹមតែប្រេន តែធាតុពិតជារបស់ក្លែងក្លាយ ហើយខាង លោកក៏កំពុងតែតាមដានរឿងនេះដែរ ។

ចំណែកលោក ង៉ុយ ជាង មេប៉ុស្តិ៍អន្តរជាតិចាំយាមបានឲ្យដឹងថា ករណីទាហានថៃចុះចាប់អាជីវករខ្មែរនោះគឺពុំមានទេ ខាងលោកគ្រាន់តែបានទទួលដំណឹងថា ខាងថៃគេចុះធ្វើរដ្ឋបាលដើម្បីតាមចាប់ អីវ៉ាន់ដែលគេក្លែងបន្លំកម្មសិទ្ធិបញ្ញាតែ ប៉ុណ្ណោះ ។

លោក ហាក់ ឡេង អភិបាលស្រុក មណ្ឌលសីមាបានឲ្យដឹងថា ការបិទតូបមិនលក់ដូរនេះដោយសារក្រុមអាជីវករខ្មែរ ដែលរកស៊ីនៅផ្សារថៃបានទទួលដំណឹង ថា មានសមត្ថកិច្ចថ្នាក់លើ និងចុះមកចាប់ទំនិញណាដែលជាទំនិញក្លែងក្លាយ ហើយលោកក៏បានសួរទៅខាងមេភូមិហាតឡិកហើយដែរ។ ចំណែកមេភូមិបានប្រាប់គាត់ ថា ពិតជាមានសមត្ថកិច្ចបានចុះមកពិនិត្យ មែនតែ ពេលនេះគេបានត្រឡប់ទៅវិញអស់ ហើយៗសមត្ថកិច្ចដែលចុះមកពិនិត្យនោះ គេគ្រាន់តែចង់មកពិនិត្យថា អ្នកលក់ដូរ និង ប្រជាជនដែលចេញចូលតាមច្រកនេះមាន ឯកសារចេញចូលគ្រប់គ្រាន់ដែរឬទេមិន មែនមកត្រួតពិនិត្យលើមុខទំនិញនោះ ឡើយ។

លោកអភិបាលស្រុកបានបន្តថា នៅ រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ បង ប្អូនអាជីវករទាំងអស់អាចមកបើកតូបលក់ដូរដូចធម្មតាវិញបានហើយ ៕ ហេង សូរិយា


ចែករំលែក៖