ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍ គន់ គីម បន្តអំពាវនាវឲ្យរួមគ្នាយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមអតី តយុទ្ធជននៅតាមបណ្តាខេត្តទាំងអស់ត្រូវរួមគ្នាយកចិត្តទុកដាក់ទៅលើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន ហើយត្រូវដោះស្រាយ បញ្ហាដែលពួកគាត់កំពុងជួបប្រទះឲ្យមានប្រសិទ្ធភាពខ្ពស់។

ការថ្លែងអំពាវនាវបានធ្វើឡើងក្នុង ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមអតីតយុទ្ធជនរយៈពេល ៨ខែ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត នៅទីបញ្ជាការដ្ឋានយោធភូមិភាគ៣ ដោយមានការចូលរួមពីប្រធាន អនុប្រធានគណៈកម្មាធិការ សមាគម បណ្តាខេត្ត កំពង់ស្ពឺ តាកែវ កែប កំពត កោះកុង និង ព្រះសីហនុផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា «ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវរួមសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជប និងយុវនីតិសម្បទា រាជធានី ខេត្ត និងគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនឃុំ សង្កាត់ ដើម្បីរួមគ្នាសិក្សាស្រាវជ្រាវឲ្យបានម៉ត់ចត់ ពីស្ថានភាពជីវភាព និងតម្រូវការជាក់ស្តែងរបស់អតីតយុទ្ធជន និងគ្រួសារ ដែលទ័លលំបាកបង្កឱកាសឲ្យបងប្អូនមានសមត្ថភាព និងលទ្ធភាព ប្រកបរបរចិញ្ចឹមជីវិតដោយថ្លៃថ្នូរ រួមចំណែកលើកកំពស់ជីវភាពក្នុងគ្រួសារ បន្ថែមពីលើការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល ដែលអាចរស់នៅដោយសមរម្យតាមសហគមន៍»។

តាមរយៈនៃការធ្វើបច្ចុប្បន្នភាពកន្លងមក សមាគមបានរកឃើញអតីតយុទ្ធជនជាសមាជិកសមាគម ដែលទ័លលំបាកក្នុងខេត្តទាំង៥ នៃយោធភូមិភាគ៣នេះ មានចំនួនសរុប ៨៦៩គ្រួសារ ក្នុងនោះអ្នកដែលមានដី តែមានផ្ទះមិនសមរម្យ ៣១២គ្រួសារ។ អ្នកដែលអត់មានទាំងដី អត់ទាំងផ្ទះ រស់នៅជាមួយសាច់ញាតិបងប្អូន ៥៩២គ្រួសារ និងរស់នៅលើដីសាធារណៈ ៦៥គ្រួសារ។

នាយឧត្តមសេនីយ គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ខេត្ត កំពង់ស្ពឺ តាកែវ កំពត កោះកុង និង ព្រះសីហនុ ត្រូវរួមសហការ គ្រប់គ្រង និងថែរក្សាដីសម្បទានសង្គមកិច្ចបម្រុងទុករបស់រដ្ឋលើទីតាំងដែលមានក្នុងខេត្តគោលដៅ តាមការផ្ទេរ និងប្រគល់សិទ្ធិ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីដើមខែ កក្កដា កន្លងមក។

អគ្គលេខាធិការសមាគមអតីតយុទ្ធជននាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា តាំងពីឆ្នាំ២០០៩ មក មានអតីតយុទ្ធជនសរុប ៥,៤៥៣គ្រួសារ បានស្នើសុំដីសម្បទានសង្គមកិច្ចលើទីតាំងខេត្តចំនួន៤ រួមមាន នៅខេត្តកំពង់ស្ពឺ ២,៥៤៣គ្រួសារ ខេត្តកំពត ២,០៦០គ្រួសារ ខេត្តព្រះសីហនុ ៥៨៥គ្រួសារ និង នៅខេត្តកោះកុង ២៦៥គ្រួសារ។ បញ្ជីឈ្មោះបងប្អូនទាំងនេះ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ បញ្ជូនមកតាមរយៈប្រធានមន្ទីរជំនាញ ដើម្បីសហការពិនិត្យ ផ្ទៀងផ្ទាត់ឡើងវិញ ជាមួយខេត្តពាក់ព័ន្ធ ដោយរកឲ្យឃើញ អតីតយុទ្ធជន ដែលទ័លក្រលំបាកពិតប្រាកដ ដើម្បីដោះស្រាយសំណូមពរបងប្អូនឲ្យទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញឲ្យប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ស្ពឺ កោះកុង កែប កំពត និងព្រះសីហនុ ទាក់ទងជាមួយក្រសួង ឬ មន្ទីរផែនការខេត្ត ដើម្បីស្នើសុំប័ណ្ណសមធម៌បញ្ជាក់អ្នកក្រីក្រ ជួនសមាជិកសមាគមអតីតយុទ្ធជន តាមផែនការឆ្នាំ ២០១៧នេះ។

សូមបញ្ជាក់ថា ក្នុងយោធភូមិភាគ ៣នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសាងសង់ផ្ទះជូនសមាជិកអតីតយុទ្ធជនក្រលំបាកសរុបចំនួន ២៧ខ្នង ក្នុងនេះនៅខេត្តកំពង់ស្ពឺ ៧ខ្នង ខេត្តតាកែវ ៤ខ្នង ខេត្តកំពត ៩ខ្នង ខេត្តកោះកុង ៣ខ្នង និងព្រះសីហនុ ៤ខ្នង៕ ហេង សូរិយា


ចែករំលែក៖