កាលពីថ្ងៃទី៧ ខែកញ្ញា រដ្ឋាភិបាលប្រទេសមិចស៊ីចកូបានស្នើដល់អគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Hyong Gil ត្រូវចាកចេញពីប្រទេសនេះក្នុងរយៈពេល ៧២ម៉ោង ។ សកម្មភាពខាងលើគឺដើម្បីជាការប្រឆាំងទៅនឹងសកម្មភាពសាកល្បងបរមាណូរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
ក្រសួងការបរទេសមិចស៊ីកូ បានប្រកាសថា«អគ្គរដ្ឋទូតកូរ៉េខាងជើង Kim Hyong Gil ជា បុគ្គល មិនត្រូវបានស្វាគមន៍ ហើយត្រូវតែចាកចេញពីប្រទេសមិចស៊ីកូក្នុងរយៈពេល៧២ម៉ោង»។
សកម្មភាពខាងលើ គឺដើម្បីប្រឆាំង ការសាកល្បងគ្រាប់បែកបរមាណូ ដែលជាសញ្ញាបង្កគ្រោះថ្នាក់ដល់ សន្តិភាព និងសន្តិសុខពិភពលោក និងជាការគំរាមកំហែង ដោយផ្ទាល់ដោយសម្ពន្ធមិត្តរបស់មិចស៊ិចកូ គឺជប៉ុន និងកូរ៉េខាងត្បូង។
នៅក្នុងសេចក្តីប្រកាសរដ្ឋាភិបាលមិចស៊ិចកូ បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ចេញសកម្មភាពដើម្បីបញ្ចប់វិបត្តិនៅកូរ៉េខាងជើង ដោយសន្តិភាព។
បើទោះបី បានបណ្តេញអគ្គរដ្ឋទូតកូរ៉េខាងជើងចេញពីប្រទេស តែក្រសួងការបរទេសមិចស៊ិចកូបានប្រកាសថា រដ្ឋាភិបាលមិចស៊ីកូដឹកនាំដោយលោក Enrique Pena Nieto មិនបានបញ្ចប់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងនោះឡើយ។
សកម្មភាព បណ្តេញអគ្គរដ្ឋទូតខាងលើកើតឡើង ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានស្នើដល់បណ្តាប្រទេសជុំវិញពិភពលោក កាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចការបរទេសជាមួយទីក្រុងព្យុងយ៉ាង។ កន្លងមកអនុប្រធានាធិបតីអាមេរិកលោក Mike Pence បានអំពាវនាវដល់បណ្តាមេដឹកនាំ នៅតំបន់អាមេរិកឡាទីនកាត់ផ្តាច់រាល់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង។
មិចស៊ិចកូកំពុងប្រឈមមុខនឹងការគំរាមកំហែងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានគំរាមលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាមេរិកខាងជើង (NAFTA)។ នៅពេលនេះមិចស៊ីកូ មានបំណងគាំទ្រអាមេរិក នៅលើបញ្ហា មួយចំនួនដែលមិនជះឥទ្ធិពលដល់នយោបាយ របស់មិចស៊ិចកូ។
កន្លងមកថ្មីៗ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍ ថា ប្រទេសទាំងអស់ ត្រូវតែអនុវត្តតាមទណ្ឌកម្ម ដែលដាក់លើកូរ៉េខាងជើង ស្របពេលដែលសហគមន៍អន្តរជាតិ បង្កើនការដាក់សម្ពាធលើប្រទេសកុម្មុយនិស្តឯកោនេះ បន្ទាប់ពីបានធ្វើតេស្តនុយក្លេអ៊ែដ៏ធំបំផុតមិនធ្លាប់មាន។
នៅពេលត្រូវគេសួរថា តើលោកមានការព្រួយបារម្ភ រុស្ស៊ី នឹងប្រឆាំងចំពោះការបង្កើនដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិដែរ ឬទេនោះ លោក Stoltenberg ប្រាប់អ្នកសារព័ត៌មាន មុនជំនួបក្រុមរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបថា “មានទណ្ឌកម្មបានព្រមព្រៀងរួចហើយ នៅអង្គការសហប្រជាជាតិ ហើយវាមានសារៈសំខាន់ជាខ្លាំង ដែលទណ្ឌកម្មទាំងអស់នោះ ចំាបាច់ត្រូវតែអនុវត្តឲ្យបានពេញលេញ”៕ ម៉ែវ សាធី