ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីវាយប្រហារបំផ្លាញអាមេរិក ព្យុះ Irma បន្តទៅកាន់គុយបា

ចែករំលែក៖

ក្រោយពេលព្យុះ Irma វាយប្រហារអាមេរិកសម្លាប់មនុស្ស១០នាក់ ធ្វើឲ្យពលរដ្ឋជាង១,២លាននាក់ រងផលប៉ះពាល់។ ពេលនេះព្យុះសង្ឃរាខាងលើបានបន្តដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងជើងគុយបា។

ព្យុះសង្ឃរា Irma ជាព្យុះសង្ឃរា កម្រិត៥ ជាកម្រិតខ្ពស់បំផុតបានបន្តដំណើរឆ្លងកាត់ តាមតំបន់នៅខារីបៀន កាលពីថ្ងៃទី៧ ខែកញ្ញា ក្នុងល្បឿន២៨៥គីឡូម៉ែត្រ ក្នុង១ម៉ោង។ ព្យុះនេះត្រូវបានគេរំពឹងថា បង្កផលប៉ះពាល់ដល់តំបន់ភាគខាងជើងនៃប្រទេសគុយបា នៅតំបន់ឆ្នេរសមុទ្រ និងនៅភាគអាគ្នេយ៏ នៃក្រុង Bahamas ក្នុងរយៈពេល១២ ទៅ២៤ម៉ោងបន្ទាប់។

ព្យុះសង្ឃរាអាត្លង់ទិក ធ្លាប់បានវាយប្រហារជាង១ទសវត្សរ៍មកហើយនេះ ឥឡូវបានបង្ហាញ ខ្លួនសារជាថ្មីម្តងទៀតបង្កឲ្យពលរដ្ឋជាង ១,២លាននាក់រងនូវផលប៉ះពាល់ និងបន្តគំរាមកំហែងដល់ពលរដ្ឋជាច្រើនលាននាក់ទៀត។ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងកិច្ចការសង្គមអឌ្ឍចន្ទក្រហមហៅកាត់ (IFRC) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍។

IFRC បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញពីក្រុងហ្សឺណែវថា យ៉ាងហោចណាស់ពលរដ្ឋ១០នាក់ ត្រូវបានគេជឿថាបានបាត់បង់ជីវិត។

លោក Walter Cotte នាយក IFRC នាយកប្រចាំតំបន់នៅទ្វីបអាមេរិកបានឲ្យដឹងថា “ការភ័យខ្លាចរបស់ពួកយើងនោះ គឺកើតមានឡើងនៅក្រុង Barbuda និងតំបន់ផ្សេងៗទៀត”។

ចំណែកក្រុមព្យាករណ៍អាកាសធាតុគុយបាបានឲ្យដឹងថា ព្យុះ Irma គឺបានកំណត់ទីតាំងព្យុះនេះនៅព្រឹកថ្ងៃ៧ ខែកញ្ញា នៅភាគខាងជើងតំបន់ឆ្នេរសមុទ្រនៃប្រទេសគុយបាបន្តដំណើរឆ្លងកាត់រយៈពេល១ថ្ងៃ។

ក្រសួងគ្រប់គ្រងគ្រោះអាសន្នគុយបា បានព្រមានអំពីព្យុះសង្ឃរា ហើយស្នើដល់ពលរដ្ឋនៅតំបន់ ដែលព្យុះឆ្លងកាត់ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។ ព្យុះខាងលើនឹងបោកបក់មកលើខេត្តភាគខាងកើតរួមទាំងដែនដីកកណ្តាលនៅ Ciego de Avila និង Villa Clara៕ ម៉ែវ សាធី


ចែករំលែក៖