ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌក្រោមឲ្យឱវាទ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ចុះអនុវត្តដីកាអយ្យការអមសាលាដំបូងខេត្តព្រៃវែង លទ្ធផល៖ ឃាត់ខ្លួនពិរុទ្ធជនម្នាក់ រួមទាំងមធ្យោបាយធ្វើដំណើររថយន្ត ១គ្រឿងផងដែរ ដែលសមត្ថកិច្ចអះអាងថា បានរត់គេចខ្លួនពីខេត្តព្រៃវែង មកពួនសម្ងំសុខនៅខេត្តពោធិ៍សាត់ ដោយជាប់ពាក់ព័ន្ធក្នុងករណីជួញដូរសារធាតុញៀន។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាស សំណាង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ និងមធ្យោបាយធ្វើដំណើររថយន្ត ១គ្រឿងម៉ាក ហាយព្រីត ពណ៌ស ពាក់ស្លាកលេខ កោះកុង 2A 0731 ។
លោកបន្តថា ប្រតិបត្តិការខាងលើនេះ គឺអនុវត្តន៍ឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ឃុំខ្លួនលេខ ១០ អ ក ២០១៧ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ចេញដោយលោក មាស សុភក្កិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ខណៈដែលជនសង្ស័យរូបនេះបានរត់គេចខ្លួនពីពន្ធនាគារខេត្តព្រៃវែង ហើយបានរត់មកពួនសម្ងំសោយសុខនៅភូមិ ឃុំខាងលើជាង ១ខែហើយ។
លោកថា ទាំងពិរុទ្ធជន ទាំងរថយន្តបានប្រគល់ទៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណុំបែបបទបន្តនីតិវិធី។
លោក វរសេនីយ៍ទោ សន ធារ៉ា នាយរងការយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមដែរថា ជនសង្ស័យ រួមទាំងរថយន្ត បាននាំយកទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញបែបបទតាមច្បាប់៕ ប៉ឹម ពិន