ភ្នំពេញ៖ យ៉ាងហោចណាស់មានភាពយន្តខ្នាតធំល្បីៗ របស់កូរ៉េចំនួន៤រឿងត្រូវបានដាក់បញ្ចាំងឲ្យមហាជនចូលរួមទស្សនា ដោយមិនគិតថ្លៃសម្រាប់ថ្ងៃសៅរ៍ អាទិត្យសប្តាហ៍នេះ។
ការដាក់បញ្ចាំងនេះ ធ្វើឡើងក្រោយពេលដែលស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានរៀបចំពិធីប្រកាសបើកមហោស្រពភាពយន្តកូរ៉េលើកទី១១ កាលពីរាត្រីថ្ងៃទី៨ ខែកញ្ញា នៅសាលសន្និសីតចតុមុខ ក្រោមវត្តមានភ្ញៀវជាតិអន្តរជាតិជាច្រើន។
ភាពយន្តកូរ៉េទាំង៤នោះមានរឿង រថភ្លើងទៅប៊ូសាន ដែលធ្លាប់ធ្វើឲ្យកក្រើករោងភាពយន្តនៅកម្ពុជា និងបណ្តាប្រទេសនានាជុំវិញពិភពលោក ភាពយន្តបែបវាយប្រហារ និងកំប្លែង រឿង អាថ៌កំបាំងបំផុត ភាពយន្តបែបឧក្រិតកម្ម និងកំប្លែងរឿង ព្រះរាជអាជ្ញាឃោរឃៅ និងរឿងកំប្លែង ឡាក់ឃី។
ភាពយន្តទាំងនេះ ត្រូវយកទៅចាក់បញ្ចាំងឲ្យទស្សនាដោយមិនគិតថ្លៃរយៈពេលពីរថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែកញ្ញា នៅរោងភាពយន្ត Major Cineplex ផ្សារទំនើបAeon Mall និងរោងភាពយន្ត Prime Cineplex នាផ្សារទំនើបសុវណ្ណា។
ភាពយន្តដែលត្រូវបានយកមកចាក់បញ្ជាំងនៅក្នុងពិធីប្រកាសបើកមហោស្រពភាពយន្តកូរ៉េលើកទី១១នេះ គឺរឿង “រថភ្លើងទៅប៊ូសាន” ដែលជាភាពយន្តបែបវាយប្រហារ ភ័យរន្ធត់ និងជាភាពយន្តដ៏មានប្រជាប្រិយភាព ដោយនៅប្រទេសកូរ៉េមានអ្នកចូលទស្សនាប្រមាណជាង១០លាននាក់ ហើយវាក៏ជាភាពយន្តដ៏ពេញនិយមនៅកម្ពុជាកាលពីឆ្នាំមុនផងដែរ៕ វឌ្ឍនា