ភ្នំពេញ ៖ រថយន្តឡិចស៊ីសLX470មួយគ្រឿង ត្រូវបានឆ្លងចរន្តអគ្គីសនីពីកន្លែងម៉ាស៊ីន បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅក្នុងបរិវេនមជ្ឈមណ្ឌលកំសាន្តរ៉ុក បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលកំសាន្តរ៉ុកក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តរងគ្រោះម៉ាក ឡិចស៊ីស LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2i-5911 ដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តចូលមកក្លឹបកំសាន្តរ៉ុក ហើយទុករថយន្តនៅមុខក្លឹបចោល ក៏ដើរចូលទៅក្នុងបាត់ តែម្ដង។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានផ្សែងហុយចេញពីក្នុងកាប៊ិនរថយន្តរងគ្រោះខាងលើ រួមទាំងបង្កឲ្យមានអគ្គីភ័យឆាបឆេះបន្តិចបន្តៗ រហូតចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅ ។
ក្រោយពីទទួលបានដំណឹងអគ្គីភ័យ ដែលបានឆាបឆេះរថយន្តខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យឲ្យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ រហូតប្រើទឹកបាញ់ពន្លត់អស់ចំនួន១គ្រឿង ទើបរលត់ទៅវិញជាស្ថាព័រ ហើយការខូចខាតគឺ ឆេះរថយន្តឡិចស៊ីសរងគ្រោះខាងលើ១គ្រឿង ដែលបានរងការខូចខាតផ្នែកខាងមុខទាំងស្រុងតែម្ដង ៕ ភារ៉ា ដង្កោ