ព័ត៌មានទាន់ហេតុការណ៍៖

យករំសេវផាវគ្រាប់បែកមកច្នៃជាគ្រាប់មីស៊ីលបណ្តាលឲ្យផ្ទុះឡើងស្លាប់និងរបួស៤នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងប្រុស២នាក់បានស្លាប់ ២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីក្មេងប្រុសទាំង៤នាក់​នេះយករំសេវផាវគ្រាប់បែកមកកែច្នៃធ្វើជាគ្រាប់មីស៊ីល បណ្តាលឲ្យផ្ទុះឡើង កាលពីវេលា​ម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពោធិ៍ដុះ ឃុំបាគូរ ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះស្លាប់បាត់បង់ជីវិត​នោះ ទី១- ឈ្មោះ ប៉ុន សម្បត្តិ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទី២-ឈ្មោះ វៃ វី ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ។ ចំណែកឯ២នាក់ទៀតរងរបួសធ្ងន់​នោះ ទី១-ឈ្មោះ ប៉ុន សុខុន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទី២-ឈ្មោះ មឿន សុភក្រ័ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ។ ក្មេងប្រុសទាំង៤នាក់នោះ​ត្រូវជាបងប្អូនបង្កើត និងជីដូនមួយនឹងគ្នា មានទីលំនៅក្នុងភូមិ ពោធិ៍ដុះ ឃុំបាគូរ ស្រុក​កណ្តាល​ស្ទឹង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញក្មេងប្រុសរងគ្រោះ​ទាំង​៤នាក់យកផាវគ្រាប់បែកជាច្រើនគ្រាប់ មកហែកចាក់យករំសេវចេញដាក់ចូលទៅក្នុង​បំពងទីបជ័រ ដើម្បីកែច្នៃទុកសម្រាប់ដុតបំផ្ទុះលេងនៅខាងមុខផ្ទះរបស់ខ្លួន ។ លុះមួយសន្ទុះ​ក្រោយមកស្រាប់តែឮសម្លេងផ្ទុះយ៉ាងខ្លាំង ពេលដើរទៅមើលឃើញក្មេងប្រុស២នាក់ស្លាប់​បាត់បង់ជីវិតនៅកន្លែងកើតហេតុ រីឯ២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹក​បញ្ជូនតាមរថយន្តសាមុយយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រក្នុងរាជធានីភ្នំពេញ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង បានចុះ​ទៅពិនិត្យកន្លែងកើតហេតុ រកឃើញសំបកផាវគ្រាប់បែក និងសម្ភារៈសម្រាប់កែច្នៃមួយចំនួន​ទៀត ។

សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានបញ្ជាក់ថា ក្មេងប្រុសទាំង៤នាក់ខាង​លើ​នេះបានយកផាវគ្រាប់បែកហែកយករំសេវដាក់ចូលទៅក្នុងបំពងទីបជ័រ ក្នុងគោលបំណង​កែច្នៃទៅជាគ្រាប់មីស៊ីលតាមការគិត ខណៈកំពុងកែច្នៃគ្រាប់នេះក៏ផ្ទុះឡើង បណ្តាលឲ្យ​មាន​អ្នកស្លាប់ និងរងរបួសយ៉ាងដូច្នេះ ៕ស្អាងជ័យ


ចែករំលែក៖