ភ្នំពេញ៖ លោក បុឹល កុសល អភិបាលខណ្ឌសែនសុខ និងភរិយា រួមជាមួយមន្ត្រីសាលាខណ្ឌបានចូលរួមសូត្រមន្តធ្វើបុណ្យកាន់បិណ្ឌ នៅក្នុងរដូវបុណ្យភ្ជំបិណ្ឌនេះ ដោយមាននាំយកនូវបច្ច័យ និងគ្រឿងបរិភោគនានា យកមកប្រគេនព្រះសង្ឃផង តាមប្រពៃណីសាសនា ប្រព្រឹត្តនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នេះ (វេនបិណ្ឌទី៦) នៅវត្តសុវណ្ណមុនីវង្ស (ហៅ វត្តអន្លង់ក្ងាន) ស្ថិតនៅសង្កាត់ឃ្មួញ។
ពិធីនេះ គេឃើញមានការដឹកនាំដោយតំណាង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល ជាប្រធានក្រុមពង្រឹងការងារបក្ស ចុះជួយ ខណ្ឌសែនសុខ និងលោក ប៉ឹល កុសល អភិបាលខណ្ឌ ជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំខណ្ឌសែនសុខ រួមទាំងអភិបាលរងនិងមន្ត្រីសំខាន់ៗជាច្រើនរូបទៀត ហែរហមដោយមន្ត្រីរាជាការក្នុងមូលដ្ឋានផងដែរ។
នៅក្នុងពិធីនេះថ្នាក់ដឹកនាំក្រុមការងារ បាននាំយកនូវបច្ច័យសម្ភារៈគ្រឿងបរិភោគនានាជាច្រើន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅទីនេះ រួមមាន ១/ថវិកាលុយខ្មែរចំនួន៣លាន និង៣សែន រៀល(៣ ០៣០ ០០០៛) ២/ ត្រីខ កំប៉ុង១កេសធំ ៣/ ទឹកដោះគោ ១កេសធំ ៤/ស្ករស ១បាវ (ទម្ងន់២៥គីឡូក្រាម) ៥/ តែ៤កញ្ចប់ធំ ៦/ទឹកក្រូច ៥កេស ៧/ទឹកបរិសុទ្ឋចំនួន៣០យួ ៨/មីកញ្ចប់ចំនួន៣កេសធំនិងតូច ៩/អង្ករ ចំនួន៥បាវ (ទម្ងន់១៥០គីឡូក្រាម) ។
បុណ្យភ្ជំបិណ្ឌ ជាពិធីបុណ្យដ៏សំខាន់បំផុតរបស់ប្រពៃណី ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ឋ ជាសាសនារបស់ជាតិ ។ ពិធីបុណ្យនេះមានរយះពេលរហូតដល់ទៅ១៥ថ្ងៃ គិតចាប់តាំងពីវេនកាន់បិណ្ឌទី១ រហូតដល់វេនបិណ្ឌទី១៤ ហើយនៅវេនបិណ្ឌទី១៥ គឺជាវេនធំចុងក្រោយ គេហៅថ្ងៃបុណ្យភ្ជំបិណ្ឌ ជាថ្ងៃបញ្ចប់ពិធី។
“ពិធីបុណ្យភ្ជំបិណ្ឌ” ជាពិធីបុណ្យមួយដែលគេគោរពធ្វើតាមទំលាប់តាំងពីរាប់រយពាន់ឆ្នាំ មកហើយ នៃដូនតាខ្មែរ ឬសំរាប់អ្នកកាន់ព្រះពុទ្ឋសាសនា ដែលមាន ខ្មែរនិងប្រទេស ថៃ ឡាវ ស្រីលង្កា ភូមា ជាដើម ។
“អត្ថន័យ” របស់ពិធីបុណ្យនេះដូនតា បានដឹកនាំនិងណែនាំប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយៗអោយគោរពប្រណិបត្តិតាមតៗគ្នា ដើម្បីរំលឹកគុណដល់សាច់ញាតិ (ជីដូនជីតា ឪពុកម្តាយ មិត្តភ័ក្តឬ វិរៈជនស្នេហាជាតិ) ដែលបានស្លាប់ទៅហើយ សូមអោយវិញ្ញាណរបស់ពួកគាត់ បានមកទទួលយកនូវម្ហូបអាហារ បង្អែម ស្រា ផ្សេងៗជាសំណែនបរិភោគ នៅទីអារាមណាមួយ តាមរយៈការនាំយកនូវវត្ថុឬអាហារទាំងនោះមកប្រគេនដល់ព្រះសង្ឃ ដែលតាមជំនឿ ព្រះសង្ឃ គឺជាស្ពានចម្លងអាចនាំយកនូវត្ថុទាំងនេះអោយដល់វិញ្ញាណសាច់ញាតិ ដូនតា ដែលបានស្លាប់ (ធ្វើមរណៈកាល) ទៅហើយនោះបានទៅបរិភោគ និងស្លៀកពាក់បាន ដែល១ឆ្នាំមានម្តង ហើយត្រូវឧទ្ទិស ហៅឈ្មោះ របស់សព អញ្ជើញពួកគេអោយមកទទួលយក នៅចំណុចឈ្មោះវត្តទីណា ហើយប្រាប់ពីឈ្មោះរបស់យើងជាអ្នកធ្វើទាន ជូនផងដែរ ទើបបានបុណ្យកុសល្យ ដល់យើងជាកូនចៅឬអ្នកដែលបានធ្វើបុណ្យនេះ ដោយមិនភ្លេចសុំអោយវិញ្ញាណ ពួកគាត់អោយមកជួយថែរក្សា និងដឹកនាំបង្ហាញផ្លូវអោយទៅរក្សាសេចក្តីសុខសប្បាយ រកស៊ីប្រកបការងារផ្សេងៗបានកាក់កប តាមបំណងប្រាថ្នារៀងៗខ្លួន៕ តុង សីហា