ភ្នំពេញ៖ ពិធីបុណ្យភូមិឆ្លងផ្លូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលជាកម្មវិធី ផ្តួចផ្តើមពីលោកពេជ្រកែវ មុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី០៩ ខែកញ្ញា ។
កម្មវិធីនេះ ក៏មានសិល្បករ សិល្បការិនីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមាន និងសម្តែងជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តផងដែរ ។
កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងដើម្បីជាចំណងដៃជូនប្រជាពលរដ្ឋ និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋឲ្យរិតតែមានភាពសប្បាយរីករាយស្និទ្ធស្នាលអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំដោយមិនព្រងើយកន្តើយចំពោះប្រជាពលរដ្ឋឡើយ ទីណាមានទុក្ខលំបាកទីនោះត្រូវតែមានថ្នាក់ដឹកនាំនៅក្បែរ ។ រដ្ឋបាលខណ្ទមានជ័យបានសហការរៀបចំកម្មវិធីបុណ្យភូមិឆ្លងផ្លូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ និងពិសារបាយសាមគ្គីនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះ ។
សិល្បករ ដែលបង្ហាញវត្តមាននៅគ្រានោះមានដូចជាក្រុមតារាកំប្លែង នាយក្រឹម នាយកុយ នាយសាបមៅ នាយវីតាមីនសេ ក្រុមកញ្ញាយេៗ លោក អ៊ឹម ជីវ៉ា ក្រុមតារាចម្រៀងត្រកូលអោក ក្រុមសៀករហ័សកម្មលោក សូវីដជាដើម ។
មានមតិសំណាលក្នុងពិធីនេះ លោកពេជ្រ កែវមុនីអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំបារម្មណ៍ចំពោះការបាត់បង់ទីលំនៅរបស់ខ្លួន ដែលមានជនអគតិមួយចំនួនបានញុះញុង់បង្អើលប្រជាពលរដ្ឋឲ្យភ័យខ្លាចចំពោះអ្វី ដែលមិនអាចកើតឡើង ។ ជាមួយគ្នានោះបងប្អូនប្រជាពលរដ្ឋប្រសិនបើចង់បានការកាន់កាប់ដី ដែលរស់នៅស្របតច្បាប់ឲ្យបានឆាប់រហ័សបងប្អូនប្រជាពលរដ្ឋត្រូវតែសហការជាមួយអជ្ញាធរដែនដីក្នុងការរៀបចំតាមនិតិវិធីជាពិសេសហាមដាច់ខាតក្នុងអំឡុងពេលនេះមិនត្រូវលក់ដូរដី ដែលជាកម្មសិទ្ធរបស់ខ្លួននុះទេ ។
លោកអភិបាលខណ្ឌមានជ័យបានបន្តថា៖ចំពោះបរិស្ថានការរស់នៅក្នុងតំបន់នេះថ្វីត្បិតតែល្អជាងមុនមែនប៉ុន្តែវាមិនទាន់ល្អពេញលិញទេបងប្អូនត្រូវចេះរស់នៅស្អាតទើបមានសុខភាបល្អ និងកុមារៗមិនងាយឆ្លងនូវជំងឺផ្សេងៗ ។ លើសពីនេះទៀតបងប្អូន ដែលរស់នៅក្នុងតំបន់នេះត្រូវតែប្រកាន់ភ្ជាប់នូវចំនុចសំខាន់ៗ៣៖គឺរស់នៅមានបរិស្ថានអនាម័យល្អមិនត្រូវបើកកន្លែងល្បែងស៊ីសង និងហាមយកកន្លែងនេះជាកន្លែងប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។ ចំពោះសំណូមពរ ដែលបានស្នើសុំផ្លូវ និងតបណ្តាញទឹកស្អាតខាងរដ្ឋបាលខណ្ឌមានជ័យ និងពន្លឿនសំណើរនេះដាក់ទៅថ្នាក់លើឲ្យបានឆាប់រហ័សតាមតម្រូវការចាំបាច់របស់បងប្អូន ។
សិល្បករ ដែលបង្ហាញវត្តមានក្នុងរាត្រីនោះក៏បានបង្ហាញទស្សនីយភាពច្រៀង ឆាកកំប្លែង សៀករហ័សកម្ម ការបង្ហាញម៉ូតសំលៀកបំពាក់ជាដើម៕ វឌ្ឍនា