ខេត្តព្រៃវែងៈ យុវជនវ័យក្មេងម្នាក់ បន្ទាប់ពីបានស្គាល់រសជាតិស្នេហ៍ពីនារីម្នាក់ អស់មួយយប់ហើយនោះ ក៏លួចយកទ្រព្យសម្បត្តិរបស់នាងមានសុទ្ធតែគ្រឿងពេជ្រតម្លៃជិត១ម៉ឺនដុល្លារ យកទៅលក់ប៉ុន្តែគេចមិនផុតពីខ្នោះដៃ។
ការឃាត់ខ្លួនធ្វើឡើង កាលពីវេលាម៉ោងជាង៣និង២០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយទទួលពាកក្យបណ្ដឹងពីនារីរងគ្រោះ។
បើតាមលោក ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌ ប្រាប់ប្រភពព័ត៌មានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្ដឹងពីនារីរងគ្រោះនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ពីករណីបុរសជាសង្សារម្នាក់ បានលួចដោះយកទ្រព្យសម្បត្តិ(គ្រឿងអលង្ការ)របស់នាង កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ អស់ប្រហែលជិត១ម៉ឺនដុល្លារហើយនោះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច បានចាត់វិធានការរុករកដេញតាមជនសង្ស័យ ហើយតាមទាន់ជនសង្ស័យនៅម្ដុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួន។
ប្រភពបន្តថា យុវជនសង្ស័យឈ្មោះ ហុង គឹមឡេង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក ឃុំម៉េសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះឈ្មោះ ថា ស្រីថៃ អាយុ២៧ឆ្នាំ នៅភូមិតារាជ ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ជាយូរមកហើយ។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧យប់កើតហេតុ ជនសង្ស័យបានល្បួងនាងរងគ្រោះទៅគេងជាមួយគ្នា ហើយលួចដោះយកគ្រឿងអលង្កការពេលនាងគេងលក់ រួចគេចខ្លួនយកទៅលក់នៅខេត្តកំពង់ចាម។ ក្រោយលក់គ្រឿងអលង្ការហើយ ជនសង្ស័យបានត្រឡប់មកភ្នំពេញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។
ប្រភពដដែលបន្តថា សម្ភារៈដែលនារីរងគ្រោះបាត់បង់ រួមមាន ចិញ្ចៀនពេជ្យ ចំនួន២វង់ តម្លៃ២៣៥០ដុល្លារ ខ្សែជើងផ្លាកទីន២ខ្សែ ស្មើ១តំឡឹង តម្លៃ៥២០ដុល្លារ នាឡិកាដាំពេជ្រ១មួយគ្រឿង តម្លៃ២៨០០ដុល្លារ ទូរស័ព្ទ១គ្រឿង តម្លៃ១០៥០ដុល្លារ លុយដុល្លា២៥០ដុល្លា ដែលសរុបជាទឹកប្រាក់ប្រមាណ៧៧៤២ដុល្លារអាមេរិក។
ក្រោយការឃាត់ខ្លួន យុវជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួន ព្រមទាំងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕