ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន ខណ្ឌសែនសុខ បានបង្ក្រាបក្រុមក្មេងស្ទាវជិះម៉ូតូទំនើបៗ បំពាក់បំពង់ស៊ីម៉ាំងបំពងសម្លេង និងគ្មានស្លាកលេខ គ្មានកញ្ចក់ និងកែច្នៃខុសបច្ចេកទេស ចំនួន១០៤គ្រឿងកាលពីប៉ុន្មានថ្ងៃ មកអប់រំ និងបង្ហាញជាសាធារណៈ កាលពីម៉ោង១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។
លោក វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានមានប្រសាសន៍ថា ដោយយោងតាមបទបញ្ជារបស់លោក ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបង្ក្រាបក្រុមអ្នកជិះម៉ូតូបំពាក់ស៊ីម៉ាំងប្រែន ដែលបំពងសម្លេងឮខ្លាំងៗ ខុសបទដ្ឋានបច្ចេកទេស និងម៉ូតូ ដែលគ្មានស្លាកលេខ គ្មានកញ្ចក់ និងការប្រើភ្លើងឡាហ៊្សែរ សរុបចំនួន១០៤គ្រឿង ដែលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោកអធិការបញ្ជាក់ទៀតថា៖ ក្នុងចំណោមម៉ូតូទាំង១០៤គ្រឿងនោះ ម៉ូតូ ដែលបំពាក់ប្រព័ន្ឋភ្លើងបំភ្លឺខុសបច្ចេកទេសចំនួន០៣គ្រឿងម៉ូតូបំពាក់ស៊ីម៉ាំងបំពងសម្លេងខ្លាំងៗខុសបទដ្ឋានបច្ចេកទេសចំនួន១៣គ្រឿង និងគ្មានស្លាកលេខចំនួន៨៨គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកបានពន្យល់ថា ការប្រើបំពង់ស៊ីម៉ាំងបំពងសម្លេង វាបង្កឲ្យរំខាន និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ការប្រើភ្លើងឡាហ៊្សែរ បំរភ្លឺផ្លូវវាបង្កឲ្យប៉ះពាល់ដល់អ្នកបើកបរ ផ្ទុយទិសគ្នាចាំងភ្នែកមើលផ្លូវមិនឃើញបង្កគ្រោះថ្នាក់។ ឯការមិនបំពាក់ស្លាកលេខវាខុសច្បាប់ចរាចរទាំងស្រុង និងអាចមានការពាក់ព័ន្ឋបទល្មើសចោរកម្មៗផ្សេងៗទៀតផង ។
លោក អធិការបានបញ្ជាក់នៅក្នុងការបង្ក្រាបនោះលោកបានដកហូតអាយឌីចំនួន៤គ្រឿងផងដែរពីក្រុមអ្នកបើកបររឺម៉កម៉ូតូកង់បី(តុកតុក)ហើយលោកបានបញ្ជាក់ថា លោកនឹងបន្តបង្ក្រាបដល់ក្រុមអ្នកបើកបររថយន្តដឹកដី ដែលដាក់វាំងនននៅមុខរថយន្តផងដែរ ដែលខុសបច្ចេកទេស យវាតែងបង្កគ្រោះថ្នាក់ចរាចរ ហើយលោកថា ការបង្ក្រាបនេះពុំមានការផាកពិន័យនោះទេ ប៉ុន្តែបើពួកគាត់នៅតែពុំព្រមអនុវត្តន៍តាមការណែនាំរបស់សមត្ថកិច្ចទេនោះលោក និងកសាងឯកសារបញ្ជួនទៅស្នងការរាជធានីចាត់ការបន្ត៕ តុង សីហា