ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅ កាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណៈពេលដែលពួកគេជិះម៉ូតូ១គ្រឿង ម៉ាកហុងដា Zoomer-Xក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េ១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ជាតិលេខ៣ ត្រង់ចំណុចមុខ ក្លឹបឌីស្កូយីហោ《វ៉ាវក្លឹប》ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ធពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនរងគ្រោះទាំងពីរនាក់ខាងលើនេះ ពុំមាននគរបាលម្នាក់នានស្គាល់អត្តសញ្ញាណនោះឡើយ ពួកគេបានជិះម៉ូតូ១គ្រឿងម៉ាហុងដា Zoomer-X ពណ៏ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខកំពង់ចាម1P-4368។ ដោយឡែករថយន្តក៏មិនត្រូវបានគេស្គាល់ម៉ាកដែរ គ្រាន់តែដឹងថាជារថយន្តផលិតនៅប្រទេសកូរ៉េ ប៉ុណ្ណោះរីឯស្លាកលេខក៏មិនចាំ ដែរ។ព្រោះតែនៅពេលឃើញយុវជនទាំងពីរនាក់នោះសន្លប់ស្ដូកស្ដឹង អ្នកបើកបររថយន្តមួយនេះ បានបន្ថែមល្បឿនរត់គេចទៅបាត់ តែម្ដង។
អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុពួកគាត់ បានឃើញយុវជនទាំងពីរនាក់នេះ បានជិះម៉ូតឌុបគ្នាធ្វើដំណើរ ក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើង ស្របគ្នាជាមួយរថយន្តកូរ៉េនោះ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនដឹងជា យ៉ាងម៉េចនោះទេ ស្រាប់តែជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េនោះពេញទំហឹង បណ្ដាលឲ្យដួលបោកទៅលើថ្នល់ រងរបួសបែកក្បាល សន្លប់ស្ដូកស្ដឹងទាំងពីរនាក់នៅនឹងកន្លែង។ក្រោយពេលកើតហេតុរថយន្តបានបន្ថែមល្បឿនរត់គេចបាត់ស្រមោល នៅសល់តែយុវជនទាំងពីរនាក់នោះត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះបន្ទាន់ ហើយម៉ូតូបានរងការខូចខាត និងត្រូវបាននគរបាលនាំយកទៅរក្សាទុក ជាបណ្ដោះអាសន្តនៅប៉ុស្ដិ៍ចោមចៅ៕ សុខាសែនជ័យ