អតីត មន្ត្រីនៅក្នុង កងកម្លាំងពិសេស អាមេរិក SEAL បាន បង្ហាញពីដំណោះស្រាយស្រាយ មិនធ្លាប់មានពីមុនមក ក្នុងការបញ្ចប់កម្មវិធីបរមាណូ របស់កូរ៉េខាងជើង ហើយអ្នកឯកទេសក៏បានយល់ឃើញថា គម្រោងនោះ និងមានប្រសិទ្ធភាព។
សារព័ត៌មាន Business Insider បានបង្ហាញពីគម្រោងរបស់ លោក Jocko Willinkអតីត មន្ត្រី កងកម្លាំង ពិសេស SEAL បានលើកឡើង ដោយមិនចាំបាច់ប្រើប្រាស់ កម្លាំងយោធា ឬកម្លាំងពិសេស ក្នុងការវាយប្រហារ ទម្លាក់គ្រាប់ បែក នោះឡើយ ដោយជំនួសវិញ ដោយការទម្លាក់ ទូរស័ព្ទ iPhone នៅកូរ៉េខាងជើង ។ លោកJocko Willinkបានស្នើឲ្យ« ព្រលែង iPhone ២៥លានគ្រឿង និង ផ្តល់វ៉ាយហ្វាយ ឥតគិតថ្លៃ តាមផ្កាយរណប»ឲ្យពលរដ្ឋកូរ៉េខាងជើង ប្រើប្រាស់។
ទោះបីគម្រោងខាងលើ ស្តាប់ទៅគួរឲ្យអស់សំណើច ប៉ុន្តែ លោក Yun Sun អ្នកឯកទេសស្តីពី កូរ៉េខាងជើង មកពីមជ្ឈមណ្ឌុល Stimson របស់អាមេរិក បានយល់់ថា ជារឿងសមហេតុផល។ លោក Yun Sun បន្តទៀតថា «មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងយល់ឃើញថា សង្គមបើកទូលាយ ពលរដ្ឋយល់ដឹងច្រើន អាចជួយឲ្យពលរដ្ឋ កត់សម្គាល់ឃើញនូវអ្វីដែលខ្លួនបានបោះបង់ចោលនាពេលកន្លងមក»។
លោក Yun sun បញ្ជាក់ថា អាស្រ័យហេតុនោះ កូរ៉េខាងជើង នឹងប្រឆាំង យ៉ាងដាច់អហង្ការ ទៅលើគម្រោងរបស់អតីត មន្ត្រី ទាហានពិសេស willink ។ លោក បន្តទៀតថា កូរ៉េខាងជើងធ្លាប់ បាន បង្ហោះ ប៉េងប៉ោង នាំសារនិង ថាសវីដីអូ ចូលទៅទឹកដីកូរ៉េខាងជើង ធ្វើឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ប្រតិកម្មខ្លាំងជាង ការធ្វើសមយុទ្ធយោធារបស់អាមេរិក និងកូរ៉េខាងត្បូងទៅទៀត។
មេដឹកនាំកូរ៉េខាងជើង នឹងមិនសប្បាយចិត្តនោះឡើយ ប្រសិនបើ ពលរដ្ឋ ២៥,២លាននាក់នៅក្នុងប្រទេសនេះ ត្រូវបានអាមេរិក ផ្តល់ ទូរស័ព្ទ iPhone ថ្មី ភ្ជាប់ វ៉ាយហ្វាយ តាមផ្កាយរណប ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ។
ការប្រើប្រាស់ទូរស័ព្ទដៃ និង អ៊ីនធើណេត មិនមានច្រើនឡើយនៅកូរ៉េខាងជើង ដោយសារតែមានការហាមប្រាំពីរដ្ឋាភិបាល កន្លងមកកូរ៉េខាងជើងធ្លាប់បានដាក់ទោសពលរដ្ឋ ដែលចូលចិត្ត មើលកម្មវិធីទូរទស្សន៍ កូរ៉េខាងត្បូង ។
លោក Sun បានបញ្ជាក់ថា នៅពេលនេះ អាចនិយាយបានថា អាមេរិក មិនអាច រារាំង ការផលិតបរមាណូរបស់រដ្ឋាភិបាលកូរ៉េខាងជើង នោះឡើយ ប្រសិនបើ មិនមានការផ្លាស់ប្តូរនៅក្នុងប្រទេសនេះ ពិសេសគឺទស្សនៈ ការយល់ដឹងរបស់ពលរដ្ឋ ។ ការចូលរួមជាមួយបលរដ្ឋ កូរ៉េខាងជើងតាមវិធីសាស្ត្រនេះ អាច ប្រើពេលយូរ ប៉ុន្តែមានក្តីសង្ឃឹមទទួលបានជោគជ័យ៕ ម៉ែវ សាធី