ប្រទេសចិន៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីអញ្ជើញចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៤ រួចហើយ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញផ្តល់កិត្តិយសសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ អន្តរជាតិណាននីង។
បន្ទាប់ពីសម្តេចតេជោ បានអញ្ជើញកាត់ខ្សែបូរសម្ពោធអោយបើកជាផ្លូវការនូវការតាំងពិព័រណ៍ពាណិជ្ជកម្ម កម្ពុជានៅជាន់ខាងលើហើយ សម្តេចតេជោ បានអញ្ជើញដើរពិនិត្យមើលផលិតផលកម្ពុជា (Made in Cambodia) ដែលបានយកមកតាំងពិព័រណ៍នៅទីនេះមានដូចជា អង្ករ ម្រេច គ្រប់ស្វាយចន្ទីរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ ក្រណាត់និងសម្លៀកបំពាក់ខ្មែរ និងផលិតផលកសិកម្ម ខ្មែរយើងដែលមានគុណភាព និងសុខភាពជាច្រើនរយមុខទៀត។
បងប្អូនយកផលិតផលមកតាំងនៅទីនេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលគុណភាពកម្ពុជា នឹងដើម្បីស្វែងរកដៃគូចិនក្នុងការចែកចាយនៅទីផ្សារក្នុងប្រទេសចិន។ សម្តេចតេជោ មានក្តីរំភើបរីករាយ និងលើកទឹកចិត្តដល់បងប្អូនពាណិជ្ជករ និងអ្នកវិនិយោគគិនចូលរួមជំរុញការនាំចេញផលិតផលកសិកម្ម ខ្មែរយើងអោយកាន់តែច្រើន ដើម្បីជួយដល់បងប្អូនកសិកអោយមានជីវភាពរស់នៅកាន់តែប្រសើឡើង។
បន្ទាប់ពីបានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនអាជីវករ និងពាណិជ្ជករនៅជាន់ខាងលើរួច ហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅជាន់ខាងក្រោមកាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា ដែលឆ្នាំ២០១៧ នេះគឺមានរៀបចំជាទ្រង់ទ្រាយប្រាសាទព្រះវិហារ។ នៅក្នុងឱកាសនោះដែរ ក៏មានកូន ក្មួយរាំរបាំជូនសម្តេច និងភ្ញៀវជាតិ និងអន្តរជាតិទស្សនាប្រកបដោយបរិយាកាសរីករាយក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ