ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកសាំយ៉ុងបុកជាមួយម៉ូតបណ្តាលឲ្យស្លាប់មនុស្ស២នាក់នៅស្ពានជ្រៃបាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីមានរថយន្តសាំយ៉ុងមួយគ្រឿងបានដឹកអ្នកដំណើរ បើកលឿនបុកម៉ូតូ យុវជនពេញមួយទំហឹង ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងជាង១រំលងអធ្រាតឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចស្ពានជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នគរបាលចរាចរណ៍ស្រុករលាប្អៀរ បានអោយដឹងថា ជនរងគ្រោះទាំងពីរនាក់ ម្នាក់ឈ្មោះ នាយ សំបាន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ និង ម្នាក់ទៀតមានឈ្មោះញ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគ្រោះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមសាក្សីនៅកន្លែងកើតហេតុជាអ្នកជិះរថយន្តបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតមួយគ្រឿងម៉ាកស៊ុយសហ្ស៊ុយគីស្មាស អត់ស្លាកលេខ ឌុបគ្នា ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង នៅពេលមដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោង រថយន្តសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ ២W-៤០៤៣ ដែលធ្វើដំណើរច្រាស់ទិសគ្នា បានបុកម៉ូតូពេញមួយទំហឹងតែម្តង បណ្តាលអោយជនរងគ្រោះប៉ើងចេញពីម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តបានទុករថយន្តចោលបានរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង ។

មធ្យោបាយបង្ករត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖