ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តំណាង នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ការពង្រឹងការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការចូលរួមពីសំណាក់ លោកមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរព័ត៌មានសន្តិសុខ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើននាក់បានអញ្ចើញចូលរួមផងដែរ។ លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឡើងអានរបាយការណ៍ស្វាគមន៍ដល់ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីលក្ខណ:ភូមិសាស្រ្តខេត្ត សភាពការណ៍សន្តិសុខ និងបទល្មើសធនធានធម្មជាតិផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញ ស្ដីពីយន្តការគ្រប់គ្រង និងដឹកនាំបញ្ជាការងារស្រាវជ្រាវព័ត៌ សន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ លោកឧត្ដមសេនីយ៍ឯក ហុង វិណុល បានមានប្រសាសន៍ លើកឡើងក្នុងពិធីផ្សព្វផ្សាយ ពង្រឹងការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនាថ្ងៃនេះថា ការងារស្រាវជ្រាវព័ត៌សន្តិសុខ មាន០៣ចំណុចសំខាន់ៗ គឺ សន្តិសុខជាតិ, សន្តិសុខសង្គម និងសន្តិសុខសាធារណ:។
លោកបានមានប្រសាសន៍បន្តទៀតថា សុំឲ្យកម្លាំងជំនាញទាំងអស់ដែលមានមុខក្នុងពិធីផ្សព្វផ្សាយ ពង្រឹងការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ឲ្យយកចិត្តទុកដាក់និងស្រាវជ្រាវយកព័ត៌មាន និងស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើសព្រៃឈើ, បទល្មើសរ៉ែ, បទល្មើសសត្វព្រៃ, បទល្មើសនេសាទជាដើម។
ឧត្ដមសេនីយ៍ឯក បានធ្វើការកោតសរសើរដល់កម្លាំងជំនាញអាវុធហត្ថទូទាំងខេត្តបន្ទាយមានជ័យ ដែលកន្លងមកប្រមូលបានព័ត៌ទាន់ហេតុការណ៍ និងបង្រ្កាបទាន់ពេលវេលាផងដែរ៕ សុខ ខេមរា