ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនឹងកន្លែង ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូផ្លូវយប់ងងឹតទៅបុករថយន្តដឹកបង្គោលភ្លើងដែលឈប់ចតលើចិញ្ចើមផ្លូវមិនប្រើប្រាស់ភ្លើងសញ្ញាអ្វីសម្គាល់យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា យុវជនដែលរងរបួសធ្ងន់មានឈ្មោះ ហុង សាវឿន អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀងចំណែកម៉ូតូម៉ាកហុងដាគប់ជ្រុងពណ៌ ខៀវ ពាក់ស្លាកលេខ ស្វាយរៀង ១I ៦៨៥៤ ខូចខាតទាំងស្រុងផ្នែកខាងមុខ។
រីឯរថយន្ដបង្កហេតុម៉ាក ហ៊ីណូ ពណ៌ ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ០១ ៣.៣៦៩៣ បើកបរដោយឈ្មោះ លី ដានី ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ បើករថយន្ដ រស់នៅភូមិ ជ្រលង ឃុំ ត្រែង ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល ដោយឈប់រថយន្ដដើម្បីទម្លាក់បង្គោលភ្លើង។
តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុមាន រថយន្ដម៉ាក ហ៊ីណូ ពណ៌ ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ០១ ៣.៣៦៩៣បានឈប់ចតលើផ្លូវ ជាតិលេខ១មិនបានប្រើប្រាស់ភ្លើងសញ្ញា និងដាក់អ្វីសម្គាល់ ខណៈនោះស្រាប់តែមានយុជនម្នាក់បានជិះម៉ូតូម៉ាកហុងដាគប់ជ្រុងពណ៌ ខៀវ មួយគ្រឿងធ្វើដំណើរពីលិចទៅកើតស្របទិសគ្នាណាមួយយប់ងងឹតស្រាប់តែបុកពីក្រោយរថយន្តពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រមទាំងវាស់វែង និងអូសមធ្យោបាយទាំង២គ្រឿងមករក្សាទុកនៅកអធិការដ្នាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ៕ យឹម សុថាន