ខេត្តកំពង់ឆ្នាំង ៖ មនុស្សចំនួន២នាក់ ត្រូវបានសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន ក្រោយពីក្រុមជនសង្ស័យនេះបានប្រើប្រាស់ និង រក្សាទុកសារធាតុញៀនខុសច្បាប់នៅក្នុងផ្ទះ ។
ការបង្រ្កាបនេះ គឺធ្វើឡើងកាលពីវេលាម៉ោង ១១និង១០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លំនៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ម្នាក់ឈ្មោះ១-ឈ្មោះពេជ្រ វេហា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិស្វាយជ្រុំចាស់ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ២-ឈ្មោះអ៊ុន សីហា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។
ចំណែកជនសង្ស័យម្នាក់ផ្សេងទៀត ត្រូវបានរត់គេចខ្លួន នៅពេលដែលសមត្ថកិច្ចទៅដល់ ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចកងរាជអាវុធហត្ថ បានដកហូតម៉ូតូ៣គ្រឿង កាំភ្លើងខ្យល់១ដើម ស្នាប់ដៃ១ ជំពាមកៅស៊ូ២ កន្ត្រៃ៣ កាំបិត១ដើម និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ ចំពោះថ្នាំញៀន ត្រូវជនសង្ស័យដែលរត់គេចខ្លួនក្រវាត់ចោលបំបិទភ័ស្តុតាង តែនៅសល់ឧបករណ៍ជក់ ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ការបង្រ្កាបករណីនេះ គឺធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ បានសហការជាមួយសមត្ថកិច្ចអាវុធហត្ថ ក្នុងការផ្តល់ព័ត៌មានអំពីសកម្មភាពរបស់ក្រុមជនសង្ស័យ ដែលតែងតែយកផ្ទះមួយនេះធ្វើសកម្មភាពក្នុងការប្រើប្រាស់គ្រឿងញៀនផង ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕ ចន្ថា