ភ្នំពេញ៖ ករណីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា សម្លាប់បណ្ឌិតកែម ឡី ឥឡូវនេះ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា កំពុងបើកសវនាការលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ។
អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ថ្លែងថា សវនាការនេះដឹកនាំដោយលោក ប៉ាក ច័ន្ទសំបូរ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សរ យសថាវរៈ ជាតំណាងមហាអយ្យការ ។
គួររំលឹកថា លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសលោកគឹម សុខ ដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៨០០លានរៀល ករណីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិតកែម ឡី ។
លោក គឹម សុខ ជាប់ចោទចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោ ដូចគ្នា គឺ ពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ៕ចេស្តា