ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងបើករថយន្តទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ស្លាប់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្នន់ ខណៈជិះម៉ូតូដឹកគ្នាក៏ត្រូវរថយន្តយ៉ាងលឿនដូចហោះបោះពួយមកបុកពេញមួយទំហឹង កាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ រីឯអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

មន្រ្តីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា រថយន្តបង្កម៉ាកតូយ៉ូតា Tacoma ពណ៌សំបកឪឡឹក ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ កណ្ដាល2A-1686 បើកបរដោយឈ្មោះ គ្រុយ ថារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(មានសភាពស្រវឹងឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ គុណ សុគា ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1M -3661 រួមដំណើរជាមួយឈ្មោះ លី ម៉េងលីន ភេទប្រុស អាយុ១៦ ឆ្នាំ មានទីលំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(រងរបួសធ្ងន់) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកតាមបណ្ដោយផ្លូវ៣៨០ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ដោយពុំមានការប្រុងប្រយ័ត្នអ្វីឡើយ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបររថយន្តបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូឈ្មោះ គុណ សុគា ស្លាប់ភ្លាមៗនិងអ្នករួមដំណើរម្នាក់ទៀតរងបួសធ្ង់តែម្ដង ។ ចំណែកឯអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យឃើញថា មានសភាពស្រវឹងជោគជាំ ពុំមានម្ចាស់ការលើខ្លួនឯងក្នុងពេលបើកបរ ។ ចំពោះមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ រីឯសាកសពត្រូវបានប្រគល់ឲ្យក្រុមក្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖