ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានីស្នើឲ្យប្រជាពលរដ្ឋសហការនិងអាជ្ញាធរ ដើម្បីរួមគ្នាទប់ស្កាត់ការចាក់ដីបំពានយកប្រឡាយ

ចែករំលែក៖

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជម្រុញឲ្យមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ស្តារប្រឡាយព្រែកតាអេវ ឲ្យអាចរំដោះទឹកបាននៅវស្សាឆ្នាំក្រោយនេះ ហើយក៏បានស្នើឲ្យប្រជាពលរដ្ឋសហការនិងអាជ្ញាធរ ដើម្បីរួមគ្នាទប់ស្កាត់ការចាក់ដីបំពានយកប្រឡាយនានា។

ការជម្រុញរបស់លោក ឃួង ស្រេង បែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងលិចតំបន់មួយចំនួនក្នុងខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ខណៈចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនោះ លោក ឃួង ស្រេង បានជម្រុញឲ្យមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញស្តារប្រឡាយព្រែកតាអេវ ឲ្យអាចរំដោះទឹកបាននៅវស្សាឆ្នាំក្រោយ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ដែលតែងតែរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលប្រឡាយនេះមានប្រវែង១.៣០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយកិច្ចការងារនេះ នឹងប្រគល់ឲ្យទៅមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ជាអ្នកទទួលការងារស្តារប្រឡាយនេះ ដោយនឹងត្រូវប្រើប្រាស់គ្រឿងចក្រចំនួន៣គ្រឿង ដើម្បីនាំទឹកទម្លាក់ទៅក្នុងទន្លេបាសាក់។

អភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា ការងារនេះ ជាការងារសំខាន់ណាស់ ដែលត្រូវយកចិត្តទុកដាក់ ដោយវាជាការងារដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅតំបន់នេះ និងជំវិញតំបន់នេះ ដែលតែងតែទទួលការលិចលង់ ឲ្យតែមានភ្លៀងម្តងៗ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីមន្រ្តីរដ្ឋបាលរាជធានីមិនបានបញ្ជាក់អំពីទំហំប្រឡាយ និងការចាប់ផ្តើមការដ្ឋាននៅពេលណានៅឡើយទេ ដោយគ្រាន់តែចុះពិនិត្យ និងធ្វើការសិក្សា ដើម្បីវាយតម្លៃគម្រោងនេះសិនប៉ុណ្ណោះ។

ក្នុងឱកាសនោះដែរ អភិបាលរាជធានី ក៏បានបន្តទៅពិនិត្យប្រឡាយព្រែកអ្នកតាវាំង និងបន្តទៅពិនិត្យលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅជាប់បឹងស្នារ ដែលកំពុងទទួលរងការលិចលង់ ដើម្បីរកដំណោះស្រាយការលិចលង់ជូនប្រជាពលរដ្ឋ ហើយបញ្ហានេះ អភិបាលរាជធានី ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរខណ្ឌ រាជធានី ដើម្បីរួមគ្នាទប់ស្កាត់ការចាក់ដីរំលោភយកប្រឡាយ ដែលប្រឡាយទាំងនេះជាទ្រព្យសម្បត្តិរួមទាំងអស់គ្នា មានន័យថា បើលិច គឺលិចទាំងអស់គ្នា ដូច្នេះទេ បើបងប្អូនប្រជាពលរដ្ឋបានឃើញ និងទទួលព័ត៌មានថាមានជនណាដែលចាក់ដីបំពានត្រូវរាយការណ៍មកអាជ្ញាធរភ្លាម ដើម្បីមានវិធានការទប់ស្កាត់ជាបន្ទាន់។

គួរបញ្ជាក់ថា ព្រែកតាអេវ គឺជាព្រែកមួយនៅជាប់ព្រំប្រទល់ ភូមិព្រែកថ្មី១ និងភូមិកោះក្របី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយព្រែកនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីសង្កាត់ព្រែកឯង និងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ៕ សណ្តោស


ចែករំលែក៖