ភ្នំពេញ៖ បុរស២នាក់បងប្អូនចេញមកពីផឹកស៊ីនៅក្លឹបមួយកន្លែង រហូតដល់យប់ជ្រៅត្រូវជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូជិះគេចខ្លះនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិអង្គកែវ ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ម៉ង់ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរកម្មករកាត់ដេរ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជង្រុក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកឯម៉ូតូដែលជនសង្ស័យវាយប្លន់យកទៅបាត់នោះ ម៉ាកហុងដាសេរី១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១GJ6160 សេរី ឆ្នាំ២០១៧។
តាមសម្ដីពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ និងប្អូនប្រុសម្នាក់ទៀតបានបបួលគ្នាទៅផឹកស៊ីនៅក្លឹបមួយកន្លែង អស់ស្រាបៀរ២ថូ។ បន្ទាប់មក ក៏នាំគ្នាជិះម៉ូតូវិលត្រឡប់មកបន្ទប់ជួលវិញ ស្រាប់តែជួបនឹងជនសង្ស័យមានគ្នា៤នាក់ នៅចំណុចកន្លែងកើតហេតុខាងលើដើរមកសួរនាំថា(កំពុងធ្វើអីគេ) ហើយក៏ទាញដុំថ្មគុបមកលើរូបគាត់បណ្ដាលឲ្យរងរបួស រួចនាំគ្នាយកម៉ូតូឡើងជិះគេខ្លួនបាត់ស្រមោល អស់ទៅបន្សល់ទុកខ្លួនម្នាក់ឯង ចំណែកឯប្អូនម្នាក់ទៀតភ័យពេករត់បាត់មិនដឹងទៅទីណា។
ក្រោយមករូបគាត់ស្រែកឡូរឡាដើម្បីឲ្យលឺដល់ប្រជាពលរដ្ឋជិតខាងបានដឹងថា ចោរវាយប្លន់យកម៉ូតូរបស់គាត់។
ជនរងគ្រោះត្រូវបានបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបានជូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីជួយស្រាវជ្រាវរកមុខជនសង្ស័យទាំង៤នាក់យកមកផ្ដន្ទាទោសទៅតាមច្បាប់៕សុខាសែនជ័យ