ខេត្តបាត់ដំបង៖ អតីតតំបន់សមរភូមិសង្រ្គាមបង្ហូរឈាមនៅក្នុងសម័យសង្រ្គាមស៊ីវិល ស្ថិតនៅខេត្តបាត់ដំបងចំនួន៤កន្លែង ត្រូវគេមើលឃើញថា បានក្លាយជាតំបន់រមណីយដ្ឋានដ៏មានប្រជាប្រិយភាពបំផុត និងកំពុងមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិគ្រប់ទិសទីមកលេងកំសាន្តយ៉ាងច្រើនកុះករ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងចំណោមភ្ញៀវទេសចរណ៍ ដែលបានស្វែងរកទីកន្លែងរមណីយដ្ឋាននានានៅក្នុងខេត្តបាត់ដំបងដើម្បីដើរលេងកំសាន្តនោះ។
អតីតតំបន់សមរភូមិសង្រ្គាមទាំង៤កន្លែងកំពុងពេញនិយមរួមមានៈ១,រមណីយដ្ឋានប្រាសាទបុរាណភ្នំបាណន់ ២,រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ៣,រមណីយដ្ឋានអាងទឹកកំពីងពួយកសាងឡើងក្នុងរបបបដិវត្តណ៍អាវខ្មៅប៉ុលពត រមណីយដ្ឋានទាំង៣នេះ ស្ថិតក្នុងស្រុកបាណន់ និង៤,រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្ថិតក្នុងស្រុកសំឡូត។
រមណីយដ្ឋានទាំងនោះត្រូវបានប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា អតីតតំបន់សមរភូមិសង្រ្គាមវាយប្រយុទ្ធប្រទាញប្រទង់គ្នាដណ្តើមការគ្រប់គ្រងកាន់កាប់ភូមិសាស្រ្តយោធារវាងកងទ័ពរដ្ឋាភិបាលកម្ពុជានិងអតីតកងទ័ពខ្មែរក្រហម ហើយតំបន់ទាំងនោះដែរភាគច្រើនជាអតីតតំបន់ចំការមីននិងជាកន្លែងដាក់តាំងកាំភ្លើងធុនធំផ្លោងដាក់គ្នាទៅវិញទៅមករវាងកងទ័ពទាំង២ភាគីផងដែរ។
អតីតតំបន់សមរភូមិសង្រ្គាមខាងលើនោះដែរត្រូវគេមើលឃើញថាក្រោយពីប្រទេសកម្ពុជាទទួលបានសុខសន្តិសភាពពេញលេញនៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបង បានចាប់ផ្តើមខិតខំកសាងអភិវឌ្ឍជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធទទួលបានសមិទ្ធផលជាច្រើន ទើបធ្វើឲ្យតំបន់នោះបានក្លាយពីតំបន់ ដែលមានសភាពស្ងាត់ជ្រងំមកជាកន្លែងរមណីយដ្ឋាន ដែលមានមនុស្សមកជួបជុំ ក្នុងចំណោមតំបន់រមណីយដ្ឋានជាច្រើនទៀតនៅក្នុងខេត្តបាត់ដំបងផងដែរ។
រមណីយដ្ឋានប្រាសាទបុរាណភ្នំបាណន់ គឺជាតំបន់ ដែលមានប្រាសាទបុរាណ ស្ថិតនៅលើកំពូលភ្នំ និងមានព្រៃឈើតូចធំ អាការធាតុត្រជាក់ ដែលមានទេសភាពពណ៌ប៉ៃតងស្រស់គួរឲ្យគយគន់។ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានមកដើរលេងកំសាន្តនៅទីនេះគឺមកមើលប្រាសាទបុរាណ និងជាទីកន្លែងសាការៈបូជាសម្រាប់ប្រជាជនមានជំនឿជឿជាក់មកបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនគោរពប្រតិបត្តិទៅតាមជំនឿសាសនា។
រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅជាតំបន់ ដែលមានទេសភាពស្រស់ត្រកាល ខ្យល់ត្រជាក់បរិសុទ្ធ និងមានល្អាងភ្នំតូចធំជាច្រើនដោយល្អាងនីមួយៗ បង្កប់រឿងអាថ៌កំបាំងប្រវត្តិសាស្រ្ត ធ្វើឲ្យភ្ញៀវទេសចរណ៍មានការចាប់អារម្មណ៍តែងតែនាំគ្នាមកលេងកំសាន្តមិនថាឡើយនៅរដូវបុណ្យទានរឺថ្ងៃឈប់សម្រាកនោះឡើយ។ ដោយឡែករមណីយដ្ឋានអាងទឹកកំពីងពួយនិងរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយឯណោះវិញ គឺភ្ញៀវទេសចរណ៍ភាគច្រើនមកដើរលេងកំសាន្តនៅទីនោះជាលក្ខណៈគ្រួសារនាំគ្នាលំហែកាយនិងទទួលទានអាហារ ដោយនាំគ្នាងូតទឹកដ៏ ថ្លាឆ្វង់ ប្រកបដោយភាពសប្បាយរីករាយ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក នួន ផា បានប្រាប់អ្នកយកពត៌មានយើងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ឲ្យដឹងថា ខេត្តបាត់ដំបងមានរមណីយដ្ឋានជាច្រើនសម្រាប់ឲ្យភ្ញៀវទេសចរណ៍មកលេងកំសាន្តប៉ុន្តែក្នុងចំណោមរមណីយដ្ឋាន ដែលកំពុងមានការទាក់ទាញភ្ញៀវទេសចរណ៍នោះគឺមានរមណីយដ្ឋានប្រាសាទបុរាណភ្នំបាណន់ ,រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ,រមណីយដ្ឋានអាងទឹកកំពីងពួយ និងរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ។ ជាក់ស្តែងនៅរដូវបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិក៏បាននាំគ្នាមកលេងកំសាន្តរមណីយដ្ឋានទាំង៤នោះមានចំនួនច្រើនជាងគេផងដែរ។
លោកបញ្ជាក់ឲ្យដឹងទៀតថា នៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧នេះភ្ញៀវទេសចរណ៍មកលេងខេត្តបាត់ដំបងមានចំនួនកើនឡើង។ សរុបភ្ញៀវទេសចរណ៍មានចំនួន៧៩,០៧៥នាក់កើន៨៩.១ភាគរយ បើប្រើបធៀបឆ្នាំ២០១៦ភ្ញៀវទេសចរណ៍៤១,៧៩៧នាក់។ ចំណែកបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ វិញ គឺមានសភាពល្អប្រសើរ គ្មានអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះឡើយដោយរក្សាបានសន្តិសុខសុវត្ថិភាពល្អជូនដល់ភ្ញៀវទេសចរណ៍។
សូមបញ្ជាក់ថា ភាពសប្បាយរីករាយរបស់ប្រជាជនកម្ពុជានៅពេលនេះគឺគេមើលឃើញថា ក្នុងតំណាក់កាលប្រទេសកម្ពុជាមានសុខសន្តិភាព មានសន្តិសុខល្អ ប្រជាជនមានសិទ្ធិសេរីភាពសព្វបែបយ៉ាង ប្រជាជនមានជីវភាពកាន់តែរីកចម្រើន ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំប្រទេសជាតិដើរលើផ្លូវដ៏ត្រឹមត្រូវ ដែលមានកំណើនសេដ្ឋកិច្ចកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ៕ សំ វិច្ឆិកា