ភ្នំពេញ:នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានចាប់ឃាត់ស្រ្តីម្នាកដែលធ្វើសកម្មភាពលួចដោះខ្សែកផ្លាកទីនពីក្មេងប្រុសអាយុ៣ឆ្នាំម្នាក់មិនបានសម្រេច ព្រោះម្តាយឃើញស្រែកឆោឡោទាន់ កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ស្ត្រីរូបនេះមានឈ្មោះ ហែម ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះបងប្អូន សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិ កន្ថោ ឃុំកន្ថោ ស្រុកកំពង់ត្រាច ខេត្តកំពត។រីឯជនរងគ្រោះឈ្មោះ ជិន សិរីរ័ត្ន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរស្នាក់នៅបន្ទប់ជួលផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខត្រូវជាម្តាយក្មេងប្រុសរងគ្រោះឈ្មោះ អាន អ៊ីងយាកវ៉ៃ អាយុ៣ឆ្នាំ ។
តាមប្រភពព័ត៌ពីម្តាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បាននាំកូនប្រុសខាងលើដោយមានពាក់ខ្សែកប្លាទីន១ខ្សែ ទម្ងន់១ជី ហើយដើរចូលក្នុងផ្សារឈូកមាសគោលបំណងទិញអីវ៉ាន់និងទិញម្ហូប។នៅពេលដែលកំពុងដើរទិញម្ហូបនិងអីវ៉ាន់ ស្រាប់តែលេចមុខស្ត្រីសង្ស័យខាងលើកំពុងមកធ្វើសកម្មភាពដោះខ្សែកពីកូនប្រុសរបស់គាត់តែគាត់ឃើញទាន់ស្រែកឆោឡោថាចោរៗហើយគាប់ជួនកម្លាំងសមត្ថកិច្ចដែលកំពុងល្បាតនៅទីនោះបានទទួលព័ត៌មាននេះក៏ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបាននិងដកហូតខ្សែកប្លាទីននោះប្រគល់ឲ្យទៅជនរងគ្រោះវិញ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនស្ត្រីជាជនដៃដល់បានហើយក៏នាំខ្លួនយកទៅសាកសួនៅប៉ុស្តិ៍ ហើយស្រី្តជាប់សង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចដោះខ្សែកពីក្មេងប្រុសរងគ្រោះពិតប្រាកដមែនទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕ តុង សីហា