ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ថ្នាំបំពុលសត្វលួចម៉ូតូ១គ្រឿងគេចខ្លួនបាត់នៅជាយក្រុងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមចោរបានឆ្មក់ធ្វើសកម្មភាពដាក់ថ្នាំបំពុលសត្វលួចយកទ្រព្យសម្បាតិពលរដ្ឋទៀតហើយ ជាក់ស្ដែងម៉ូតូ ១គ្រឿងត្រូវបានលួចយកគេចខ្លួនដោយសុវត្ថិភាព បន្សល់នូវខ្មោចសត្វឆ្មា និងឆ្កែរួមទាំងសាច់សង្ស័យប្រឡាក់ថ្នាំពុល ១ស្បោង នៅជាយក្រុងពោធិ៍សាត់។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១ និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ កាន ប៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ទួន គៀម អាយុ ៣១ឆ្នាំ ស្ថិតក្នុងភូមិដូនអី សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ នេះបើតាមការបញ្ជាក់ឲ្យពីអាជ្ញាធរមូលដ្ឋាន។

ប្រភពខាងលើបន្តថា ម៉ូតូ ១គ្រឿងដែលបានបាត់ពីក្រោមផ្ទះប្តីប្រពន្ធនោះម៉ាក វ៉េវអាល់ហ្វា សេ១០០ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1E 5628 ហើយគេមិនដឹងថាក្រុមចោរបានធ្វើសកម្មភាពលួចយកទៅបាត់កាលពីវេលាម៉ោងប៉ុន្មាននោះទេ លុះនៅវេលាម៉ោងខាងលើខណៈម្ចាស់ផ្ទះក្រោកពីដំណេក(បន្ទោបង់)ទើបដឹង និងបង្កការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង។

ប្រភពដដែលខាងលើបន្តទៀតថា ករណីនេះបន្សល់នូវវត្ថុតាងរួមមាន.សាច់ប្រឡាក់ដែលគេសង្ស័យមានសារធាតុពុលច្រើនដុំប្រមូលបានចំនួន ០១ថង់ និងខ្មោចសត្វឆ្មា.ឆ្កែចំនួន ០៣ល្បាល ហើយសូមបញ្ជាក់ផងដែរម៉ូតូគ្មានបន្ទប់ទេ(ចាក់សោដាក់នៅក្រោមផ្ទះ)ម្ចាស់ដេកលើផ្ទះ ករណីនេះសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ បានត្រឹមចុះធ្វើកំណត់ហេតុ និងថាចាំធ្វើការស្រាវជ្រាវ។

ករណីមេរោគសង្គមព្យាបាលមិនជាខាងលើមួយនេះ៖ គេង្កេតឃើញកើតមានឡើងឥតឈប់ឈរញឹកញាប់ជាងគេ នៅក្រុងពោធិ៍សាត់.ស្រុកភ្នំក្រវាញ.ស្រុកបាកាន និងស្រុកកណ្ដៀង វិលទៅវិលមកជួនកាលស្ទន់គ្នា ២ទៅ៣យប់ដដែលដូចជាមុខរបរអញ្ចឹងដែរ ដែលបញ្ហានេះត្រូវបានគេសង្ស័យមានការរាបចំឡើងក៍មិនដឹង៕ ប៉ឹម ពិន


ចែករំលែក៖