ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានប្រើក្នុងគោលដៅនយោបាយ

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិបានថ្លែងថា បញ្ហា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ជាគោលដៅតាមដានរបស់បណ្តាប្រទេស និងអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិមួយ ចំនួនដែលបញ្ហានេះត្រូវបានយកទៅប្រើប្រាស់ក្នុងគោលដៅនយោបាយ ហើយ កម្ពុជាបានរងគ្រោះដោយសារបញ្ហាសិទ្ធិ មនុស្ស និងប្រជាធិបតេយ្យនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ ។

ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានគូស បញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់យកគោល ការណ៍ជាសកលនៃសិទ្ធិមនុស្សជាមូល ដ្ឋាន ដូច្នេះកម្ពុជាគ្មានបញ្ហាជាមួយការឃ្លាំមើលកាតព្វកិច្ចរបស់កម្ពុជាលើបញ្ហាសិទ្ធិមនុស្សឡើយប្រសិនបើការឃ្លាំមើលនោះមិនត្រូវធ្វើឡើងដោយលម្អៀង ឬដោយ វិមតិសង្ស័យប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោត ។

លោកទេសរដ្ឋមន្រ្តីបន្តថា ការវាយតម្លៃ លើស្ថានភាពសិទ្ធិមនុស្សអាស្រ័យទៅលើចំណាប់អារម្មណ៍ផ្នែកនយោបាយរបស់ ប្រទេសមហាអំណាច ដូចគ្នាទៅនឹងអង្គការ ក្រៅរដ្ឋាភិបាលធំៗដែរដែលរបៀបវារៈរបស់ ពួកគេគឺឃ្លាតឆ្ងាយខ្លាំងណាស់ពីនយោ បាយអព្យាក្រឹត។ បញ្ហាសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យត្រូវបានលើកឡើងតែនៅពេលដែលផលប្រយោជន៍របស់មហាអំណាចធំៗស្ថិតក្នុងគ្រោះថ្នាក់ បើមិនដូច្នោះ ទេអ្វីដែលគេបានឮមានតែភាពស្ងៀម ស្ងាត់ប៉ុណ្ណោះ ។

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវបានយកទៅប្រើប្រាស់ក្នុងគោលដៅ នយោបាយ ហើយកម្ពុជាបានរងគ្រោះ ដោយសារបញ្ហានេះអស់រយៈពេលជាង ២០ឆ្នាំមកហើយ ដែលការរងគ្រោះនេះ ព្រោះតែសេចក្ដីរាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលតែងតែសរសេរវាយប្រហាររដ្ឋាភិបាលកម្ពុជា ដោយគ្មានការវិនិច្ឆ័យ, ថ្កោលទោសរដ្ឋា ភិបាល ហើយលើកតម្កើងបក្សប្រឆាំងថាជាអ្នកគោរពសិទ្ធិមនុស្ស។ ប៉ុន្តែចំពោះការប្រព្រឹត្តខុសច្បាប់របស់បក្សប្រឆាំងវិញគេមិនដែលមានឃើញមានសរសេរនៅក្នុង របាយការណ៍នោះឡើយបើទោះបីជាបក្សប្រឆាំងនោះឲ្យពលរដ្ឋទៅដកបង្គោលព្រំដែន ញុះញង់បង្កើតភាពស្អប់ខ្ពើមជាតិ សាសន៍ និងផ្សព្វផ្សាយសន្ធិសញ្ញាព្រំដែនក្លែងក្លាយក៏ដោយ ។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា ថ្មីៗនេះកម្ពុជាត្រូវរងការវាយប្រហារដោយសារតែបិទវិទ្យាស្ថានអន្ដរជាតិមួយដែលមានចេតនាគាំទ្របក្សប្រឆាំង, ឲ្យស្ថាប័ន កាសែតបង់ពន្ធជូនរដ្ឋ និងចាប់ខ្លួនមន្ដ្រីបក្ស ប្រឆាំងម្នាក់ដែលសារភាពថាបានទទួលការ បណ្ដុះបណ្ដាលពីមហាអំណាចដើម្បីផ្ដួល រំលំរដ្ឋាភិបាល ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បាន បញ្ជាក់ថា ប្រវត្តិសាស្ត្របានបង្រៀនកម្ពុជាថា ការជ្រើសរើសផ្លូវដើរតាមការកំណត់ របស់ប្រទេសលោកខាងលិចមួយចំនួន ធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់ ហើយការអនុវត្តខ្លះពីខាងក្រៅជារឿយៗបានក្លាយទៅជាបញ្ហាមិនមែនជា ដំណោះស្រាយនោះទេ។ កម្ពុជាត្រូវគេ ចោទថារំលោភលទ្ធិប្រជាធិបតេយ្យដោយសារតែនៅក្រោមច្បាប់ជាធរមានកម្ពុជា កំពុងកាត់ទោស និងដាក់ទោសទណ្ឌលើ អ្នកដែលបំពានច្បាប់ទាំងនោះ។ ទាក់ទង នឹងបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិប តេយ្យនេះដែរប្រសិនបើជាការចរចារវាង រដ្ឋាភិបាលមួយចំនួនមានលក្ខណៈសមហេតុ ផល និងគួរឲ្យទុកចិត្តបានដរាបណាប្រទេស ទាំងនោះអនុវត្តស្តង់ដារដូចគ្នាដោយការវាយតម្លៃ ការរិះគន់ និងការថ្កោលទោស របស់ពួកគេ ។

សូមបញ្ជាក់ថា ការបកស្រាយពីបញ្ហា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា របស់ប្រមុខការទូតកម្ពុជានេះគឺក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រោមក្របខ័ណ្ឌអង្គការប្រទេស និយាយភាសាបារាំងចលនាមិនចូលបក្សសម្ពន្ធ សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី កិច្ចសន្ទនាសហប្រតិបត្តិការនៅអាស៊ី ក្រុមប្រទេស៧៧ ប្រទេសដែលមានការអភិវឌ្ឍយឺត កិច្ចប្រជុំ ក្រៅផ្លូវការរបស់រដ្ឋមន្រ្តីការបរទេស អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕ ហេង សូរិយា


ចែករំលែក៖