ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឃុត សុភាព ព្រមចាកចេញពីតំណែងដោយមិនតវ៉ាអ្វីឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ករណីលោក ស្រី ឃុត សុភាព អនុប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ ដែលត្រូវបានបងប្រុសបង្កើតរបស់ខ្លួនគឺលោក ឃុត សំខាន់ ប្រធានមន្ទីរព័ត៌មាន រាជធានីភ្នំពេញបានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីស្នើឲ្យដកតំណែង លោកស្រីចេញពីតួនាទីជាអនុប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញនេះគឺលោកស្រី មិនជំទាស់ពីការដកតំណែងរបស់លោកស្រីនេះទេ ។

ចំពោះការស្នើដកតំណែងពីសំណាក់ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញលោកស្រី ឃុត សុភាព អនុប្រធានមន្ទីរព័ត៌មាន រាជធានីបានឲ្យដឹងថា «ការស្នើរបស់ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញទៅក្រសួងព័ត៌មានឲ្យដកតំណែងខ្ញុំចេញពីអនុប្រធាន មន្ទីរនោះខ្ញុំមិនជំទាស់ ឬបដិសេធនោះទេ ស្រេចតែថ្នាក់លើចុះ។ ជាធម្មតាខ្ញុំធ្វើការងារនៅក្រោមទេគេថា ម្តេចស្រេចតែគេថា អាក្រក់គឺអាក្រក់ទៅ ខ្ញុំគ្មានអ្វីគួរឲ្យជំទាស់ នោះទេ បើគិតថាការនិយាយរបស់ខ្ញុំវាប៉ះពាល់ខ្លាំងទុកឲ្យគេធ្វើចុះខ្ញុំគ្មានសិទ្ធិអ្វី ហាមឃាត់ទេ។ បើគេគិតថាគេធ្វើត្រូវធ្វើចុះ ពីព្រោះគំនិតគេផ្សេងគំនិតខ្ញុំផ្សឹង ពីព្រោះមនុស្សយើងតែងតែមានគំនិតខុសគ្នា»។

លោកស្រី ឃុត សុភាព បានបន្តថា «ខ្ញុំ សម្រេចឲ្យគាត់ធ្វើចុះ ខ្ញុំមិនចង់ឲ្យគាត់ពិបាក នោះទេ ពីព្រោះប្រធានមន្ទីរព័ត៌មាននោះ ជាបងប្រុសរបស់ខ្ញុំផង អ៊ីចឹងខ្ញុំមិនចង់ឲ្យ គាត់ពិបាកទេបើគាត់គិតធ្វើត្រូវធ្វើចុះខ្ញុំមិនចង់ឲ្យអ្នកផ្សេង ឬបណ្តាញសង្គមផ្សព្វផ្សាយ ថាបងប្អូនកាន់ជើងគ្នានោះទេ» ។

ចំពោះករណីនេះផងដែរលោក ឃុត សំខាន់ ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញបានថ្លែងថា «ការសម្រេចដកតួនាទី និងដាក់ លិខិតទៅក្រសួង និងរដ្ឋបាលសាលារាជ ធានីភ្នំពេញនោះគឺខ្ញុំបានផ្អែកលើអង្គប្រជុំគណៈកម្មការនាយកមន្ទីរសម្រេចថានឹង ដកតួនាទីជាអនុប្រធានរបស់លោកស្រី ឃុត សុភាពចេញដោយសារក្រុមអង្គប្រជុំបានពិនិត្យមើលឃើញថា លោកស្រី ឃុត សុភាព គាត់មានកំហុសជាច្រើដងច្រើនសាមកហើយមិនមែនលើកទីមួយនោះទេ ហើយខាងមន្ទីរក៏បានណែនាំជាច្រើនដងដែរតែគាត់នៅតែធ្វើកំហុសដដែលៗ» ។

លោកប្រធានមន្ទីរបានបន្តថា «ចំពោះលិខិតដែលបែកធ្លាយតាមរយៈការផ្សាយនៅលើសង្គមផ្សព្វផ្សាយមួយចំនួននោះ ខ្ញុំ មិនបានចែកចាយនោះទេមិនដឹងជាបែកធ្លាយពីណាទេ លិខិតដែលបែកធ្លាយនោះគឺខ្ញុំធ្វើនៅថ្ងៃសៅរ៍ហើយបានយកទុកយ៉ាងត្រឹមត្រូវតែមិនដឹងជាបែកធ្លាយពីណា»។

ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ លោក ឃុត សំខាន់ បានបន្តថា «ចំពោះ លិខិតដែលបានដាក់ទៅរដ្ឋបាលសាលា រាជធានីព្រឹកមិញ (ថ្ងៃទី២៥ ខែកញ្ញា) នោះ ខាងយើខ្ញុំមិនទាន់ថាចំណាត់យ៉ាងណានោះ ទេទាល់លោកអភិបាលរាជធានីសម្រេច និងចារនៅលើលិខិតនោះពេលណាខ្ញុំនឹងធ្វើលិខិតមួយទៀតជាផ្លូវការផ្ញើជូនលោក រដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីសុំចំណាត់ការ ពីលោករដ្ឋមន្ត្រីពីការស្នើសុំដកតួនាទីលោកស្រី ឃុត សុភាព ចេញពីតួនាទីអនុប្រធានមន្ទីរព័ត៌មានរាជធានី។ ចំពោះលិខិតដែលបានដាក់ទៅសាលារាជធានីនោះខ្ញុំមិនអាច ចែកចាយជូនអ្នកសារព័ត៌មានបានទេដោយរង់ចាំទទួលចំណាត់ការពីសាលារាជធានីសិនទើបចែកចាយបាន» ៕ ហេង សូរិយា

 


ចែករំលែក៖