ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តក្រចេះដោះលែងបុរសដែលច្រៀងជេរប្រមាថសម្ដេចតេជោ

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់ដែលច្រៀង ជេរប្រមាថសម្ដេចតេជោ ហ៊ុន សែន តាំង ពីឆ្នាំ២០១៣ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តក្រចេះចេញដីកាបង្គាប់ ឲ្យដោះលែងហើយនៅល្ងាចថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៧ ។

សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តក្រចេះលោក ថាន់ ឃុង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្នបុរសម្នាក់នេះពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថ កិច្ចនគរបាលខេត្តក្រចេះបានឃាត់ខ្លួន បុរសម្នាក់នៅស្រុកកំណើតប្រពន្ធនៅភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះពាក់ព័ន្ធនឹងការជេរប្រមាថថ្នាក់ដឹកនាំប្រទេសគឺសម្តេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ បុរស ម្នាក់នោះឈ្មោះ ហ៊ុយ ឧត្ដម អាយុ២៩ឆ្នាំ មានមុខរបរ ជាមេការក្រុមហ៊ុនទឹកសុទ្ធនៅ ខេត្តកំពង់ស្ពឺ ។

នៅចំពោះមុខសមត្ថកិច្ចបុរស ហ៊ុយ ឧត្តម បាននិយាយថា កាលពីឆ្នាំ២០១៣ រូបគេបាននិពន្ធបទចម្រៀងចំនួន៤បទ ចម្រៀងក្នុងនោះមានបទជាចម្រៀងបែបជេរប្រមាថថ្នាក់ដឹកនាំ ហើយក្នុងបទនោះ ដែររូបគេបានបង្ហោះចូលក្នុងសង្គមហ្វេសប៊ុក។ ក្រោយមកទៀតរូបគេបានឈប់ បង្ហោះ (Post) ប៉ុន្តែមានមិត្តភក្តិលើហ្វេស ប៊ុកមួយចំនួនជាអ្នករក្សាវីដេអូនេះទុករួច បង្ហោះបន្ត។ លុះដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៧មានហ្វេសប៊ុកមួយឈ្មោះ កែម ឡីទី១០០០០ក៏បានយកវីដេអូនេះមក បង្ហោះម្តងទៀតតែម្តង ៕ ហេង នរិន្ទ្រ


ចែករំលែក៖