ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង៤នាក់លង់ទឹកស្លាប់ថ្ងៃតែមួយនៅស្វាយរៀង ឪពុកម្តាយក្តុកក្តួលចិត្តបំផុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានហេតុការណ៍គួរឲ្យរន្ធត់ និងតក់ស្លុតបំផុតដល់ក្រុមគ្រួសារ ខណៈដែលពីរស្រុកក្នុងថ្ងៃតែមួយ មានករណីក្មេងលង់ទឹករហូតដល់ទៅ៤នាក់ បានស្លាប់ចោលឪពុកម្ដាយធ្វើឲ្យម្នាក់ៗទប់ទឹកភ្នែកមិនបាន។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុកចន្រ្ទា និងស្រុករំដួល ខេត្តស្វាយរៀង។

ពាក់ពន្ធ័នឹងករណីខាងលើនេះ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា នៅវេលាម៉ោង ៥ និង៣០ នាទីល្ងាច ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្រ្ទា មានករណីលង់ទឹកស្លាប់ ខណៈដែលក្មេងប្រុស២នាក់ បានទៅតាមជីតាយកគោនៅព្រែខាងក្រោយផ្ទះហើយនាក់ទាំងពីរនាក់ចុះដោះមងទាក់បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។

ប្រភពបន្តថា ក្មេងទាំង២នាក់មាន ឈ្មោះ ក្រូច សាម៉ុត ប្រុស អាយុ ១១ឆ្នាំ និងឈ្មោះ សុខ ពិឆៃ ប្រុស អាយុ១០ឆ្នាំ ទាំងពីររស់នៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ប្រភបបន្តថា ករណីទី២ កើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិទួលទ្រា ឃុំជ្រុងពពេល ស្រុករំដួលមានក្មេង២នាក់ ត្រូវជាបងប្អូនបង្កើត និងគ្នាបានទៅលេង ទឹកបែខាងក្រោយផ្ទះរបស់ខ្លួន បណ្ដាលឲ្យលង់ស្លាប់ភ្លាមមិនមានអ្នកភូមិជួយសង្គ្រោះទាន់នោះទេ។

ក្មេងដែលលង់ស្លាប់មានឈ្មោះសៅ វាសនា ភេទប្រុស អាយុ៨ឆ្នាំ និងឈ្មោះ សេកនីសិដ្ខ ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។

សពក្មេងទាំង៤នាក់ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន


ចែករំលែក៖