ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង ប្រតិបត្តិការណ៍នេះធ្វើឡើង កាលពីម៉ោង១០យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅ តាមបណ្ដោយផ្លូវជាតិលេខ៦ ខាងមុខវត្តគៀនឃ្លាំង ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោក ស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ទី១-ឈ្មោះ ហែម ស្រីរ័ត្ន អាយុ២៧ឆ្នាំ ទី២-ឈ្មោះ កៅ វិញ អាយុ២៤ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្ថានី ឃុំស្វាយអាត់ ស្រុកសំពៅមាស ខេត្តពោសាធ៌ ទី៣-ឈ្មោះ ផាន សាន អាយុ២៩ឆ្នាំ ទី៤-ឈ្មោះ ផាន ភារុណ អាយុ២១ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វា បានឲ្យដឹងដែរថា ក្រោយទទួលបានផែនការពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ ក្នុងការសហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ដើម្បីយាមល្បាតរក្សាសន្តិសុខតាមគោលដៅនីមួយៗ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនៅពេលរាត្រី ខណៈដែលកំពុងល្បាត ស្រាប់តែប្រទះឃើញនិងគួរឲ្យសង្ស័យលើ ពួកគេទាំង៤នាក់ ដែលជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកហុងដាសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1A-1300 និង១គ្រឿងទៀតម៉ាកហុងដា សង់ប៊ិច សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1S-3533 ទើបធ្វើការឃាត់ត្រួតពិនិត្យ បានរកឃើញក្រាមសថ្លា ជាថ្នាំញៀន២កញ្ចប់តូច ខណៈទើបតែមកពីទិញ ដើម្បីយកទៅប្រើប្រាស់ ដោយមិនទាន់ទាំងបានទៅដល់គោលដៅផង ក៏ត្រូវកម្លាំងជំនាញសហការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់តែម្ដង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ដកហូត ត្រូវបានបញ្ជូនមកអាសអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វាបណ្ដោះអាសន្នដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖