ប៉ោយប៉ែត៖ កម្លាំងនគរបាលក្រុងប៉ោតប៉ែត បញ្ជូនជនសង្ស័យ២នាក់ករណីផ្សេងគ្នាទៅស្នងការខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបន្តកាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
លោកព្រហ្ម ពិសិដ្ឋអធិការរងក្រុងប៉ោយប៉ែតទទួលបន្ទុកផែនព្រហ្មទណ្ឌបានប្រាប់ថា ជនសង្ស័យទី១មានឈ្មោះ គឹម តឹកឆេង ភេទប្រុស អាយុ២៧ឆ្នាំ រស់ភូមិរូងអំពិល ឃុំខ្នាចរមាស់ ស្រុកបវេល ខេត្តបាត់ដំបង ចំណែកជនសង្ស័យទី២មានឈ្មោះសុខ ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅភូមិ/សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបញ្ជាក់ថា ជនសង្ស័យទី១ ត្រូវកម្លាំងឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៧និង៣០នាទីដោយសមត្ថកិច្ចទទួលព័ត៌មានបានថា ជនសង្ស័យរួបនេះ បានជិះម៉ូតូ ម៉ាកហុងដា សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1N.4338 បន្ទាយមានជ័យ លេខតួ 9535367 ដើម្បី លក់ម៉ូតូ តែមិនមានឯសារអ្វីទាំងអស់។
ក្រោយពេលពី បានទទួលពត៌មានហើយ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការ នគរបាលក្រុងប៉ោយប៉ែត បានចាត់ កម្លាំង ជំនាញទៅហៅ ជននោះមកសាកសួរ ក្រោយ ពីបានធ្វើការសាកសួររួច ជនសង្ស័យ ដែលមាន ឈ្មោះ គឹម តឹកឆេង ភេទប្រុស អាយុ២៧ឆ្នាំ រស់ភូមិរូងអំពិល ឃុំខ្នាចរមាស់ ស្រុកបវេល ខេត្តបាត់ដំបង បាន សារភាពថា ខ្លួនពិតជាបានឆបោកម៉ូតូ ពីអតីត ជាប្រពន្ធ ដែលលែងលះគ្នា រយៈពេល១ឆ្នាំ ហើយ ម៉ូតូនេះខ្លួនយកមកពី ខេត្តសៀមរាប យកមកលក់នៅប៉ោយប៉ែត។
លោកបញ្ជាក់ថា កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងសន្តិសុខកាស៊ីណូបានឃាត់ខ្លួនជនសង្ស័យឈ្មោះសុខ ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅភូមិ/សង្កាត់/ក្រុងប៉ោយប៉ែត ដោយជននេះបានចូលក្នុងតូបរបស់ឈ្មោះលី ហៀង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបលក់ដូរមានទីលំនៅភូមិក្បាលស្ពាន់១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបានលូកយកប្រាក់ក្នុងកិតុត្រូវម្ចាស់ឃើញទាន់បានចាប់ឲ្យសន្តិសុខកាស៊ីណូរួចបានប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីឆែកឆេរសមត្ថកិច្ចរកឃើញឧបករណ៍សេពគ្រឿងញៀននៅជាប់ខ្លួន ហើយសមត្ថកិច្ចបានធ្វើតេស្តឃើញសារធាត់ញៀននៅក្នុងទឹកនោម(វិជ្ជមាន)។
ក្រោយពីបានសាកសួររួចរាល់ជនសង្ស័យទាំង២នាក់សារភាពរថា ខ្លួនបានប្រព្រឹត្តពិតមែន ក្រោយពីធ្វើកំណត់ហេតុកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានកសាង សំណុំរឿង បញ្ជូនជនសង្ស័យ ទៅការិយាល័យ ជំនាញស្នងការខេត្តបន្ទាយមានជ័យដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕ វណ្ណា