ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របុកកាមរីឆ្លាមខ្ទេចទាំងសងខាង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ មនុស្ស២នាក់របួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលដោយ សាររថយន្ត២គ្រឿងបើកច្រាស ទិសបុកគ្នាពេញទំហឹងហើយធ្លាក់ចូលស្រែទាំង២ គ្រឿងកាលពីវេលាម៉ោង១១និង៤៥នាទី ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅ​ចន្លោះគីឡូម៉ែត្រលេខ៨៥-៨៦ លើកំណាត់ផ្លូវជាតិលេខ៦៨ស្ថិតក្នុងភូមិថ្មី សង្កាត់កូន​គ្រៀលក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

តាមនគរបាលបានឲ្យដឹងថា មាន​រថយន្តបង្កម៉ាក ហាយ ឡេនឌ័រ ពាក់ស្លាក លេខសៀមរាប2A-9686 បើកបរដោយ ឈ្មោះ ប៊ុន ជាប លី ភេទប្រុស អាយុ៤២ ឆ្នាំ មានទីលំនៅ ភូមិខ្នា ឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប ។ ចំណែកមួយរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាកាមរីឆ្លាមពាក់ស្លាកលេខភ្នំពេញ2D-2645 បើកបរដោយ ឈ្មោះ អាន ចាន់ណា ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាបរងរបួសដៃ ស្រាល រួមដំណើរ២នាក់ទៀត ទី១-ឈ្មោះ សួន ឧស្សាហ៍ ភេទប្រុស អាយុ១៦ឆ្នាំ មាន ទីលំនៅភូមិទ្រាសគោកឋិន ឃុំថ្មរពួក ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យរងរបួសធ្ងន់។ ទី២-ឈ្មោះ ពេជ្រ សារាយ ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រងរបួសធ្ងន់។

ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តហាយឡេនឌ័រ បើកពីត្បូងទៅជើង ល្បឿនលឿនរំលោភចូលទៅបំណែក​ផ្លូវ​ ម្ខាងជ្រុលទៅបុករថយន្តកាមរីឆ្លាមបើក ច្រាសទិសគ្នាបណ្តាលឲ្យប៉ើងធ្លាក់ចូលស្រែទាំង២គ្រឿងបង្កឲ្យភាគីខាង​រថយន្តកាមរី រងរបួសធ្ងន់២នាក់និងម្នាក់ស្រាល ។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញខេត្តចុះមក វាស់វែងហៅរថយន្តសង្គ្រោះដឹកជនរង គ្រោះទៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២ គ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំដោះស្រាយពេលក្រោយ៕ ប៉ែន នួន


ចែករំលែក៖