ភ្នំពេញ៖ តារាចម្រៀងខេមរៈ សិរីមន្ត នឹងចេញដំណើរទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការចចាររវាងលោកផលិតកម្ម និងអ្នកផលិតកម្មវិធីនៅសហរដ្ឋអាមេរិកទទួលបានជោគជ័យ។
ខេមរៈ សិរីមន្តបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងផលិតកម្មហង្សមាសកាលពីចុងខែសីហាកន្លងទៅ ជាមួយនឹងបទចម្រៀង«ស្ទឹងត្រែងបងអើយ» និងបទ«អស់សិទ្ធិថែតែនៅបារម្ភ» បើទោះបីជាបទ«រាំក្បាច់ពស់»កាលពីថ្មីៗនេះលេចចេញការរិះគន់ខ្លះក្តី។
ក្រោយពីបង្ហាញវត្តមានក្នុងផលិតកម្មហង្សមាស ខេមរៈ សិរីមន្ត ផ្ទុះការគាំទ្រខ្លាំងនឹងបទចម្រៀងថ្មីមួយចំនួន។ ផលិតកម្មនេះក៏បានបើកផ្លូវឲ្យតារាចម្រៀងរូបនេះចេញទៅច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការបញ្ជាក់របស់សិល្បករម្នាក់បានលើកឡើង។
ប្រភពបានលើកឡើងថា ខេមរៈ សិរីមន្ត ត្រូវបានអ្នកផលិតកម្មវិធីនៅអាមេរិកចង់ឲ្យចេញទៅច្រៀងខ្លាំងព្រោះតែមានការទទូចខ្លាំងពីប្រជាជនខ្មែររស់នៅទីនោះ។ ដើម្បីចេញទៅច្រៀងរាំនៅទីនោះអ្នកផលិតកម្មវិធីបានផ្តល់ជម្រើសដល់ខេមរៈ សិរីមន្តតាមចិត្តចង់បានគឺការចែក៥០ភាគរយនៃតម្លៃលក់សំបុត្រ ខុសពីគ្រាមុនដែលកំណត់តម្លៃខ្លួនក្នុងរយៈពេលមួយខែ។
ប្រភពបន្តថា ខេមរៈ សិរីមន្តនឹងចេញច្រៀងនៅរដ្ឋមួយចំនួនដែលមានប្រជាជនខ្មែររស់នៅ ហើយតម្លៃសំបុត្រដែលត្រូវលក់នឹងកើនតម្លៃខុសពីធម្មតា ហើយការកំណត់ចំនួនពេលចេញឡើងច្រៀងក៏អាចប្រែប្រួលដែរ។
ទោះជាយ៉ាងគេនៅមិនទាន់ប្រាកដនៅឡើយទេថា តើលោក ខេមរៈ សិរីមន្ត នឹងចំណាយពេលយូប៉ុណ្ណាដើម្បីច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិក និងត្រូវចេញទៅច្រៀងរាំជាមួយតារាចម្រៀងរូបណាដែរ។ ខណៈដែលលោកខេមរៈ ភារុណ ជាបងប្រុសបានបញ្ជាក់ថា គម្រោងចេញទៅច្រៀងរាំខាងលើនៅមិនទាន់បច្បាស់លាស់ហើយមិនអាចជម្រាបអ្វីបាននៅឡើយដែរ ប៉ុន្តែបើសិនជាអាចចេញទៅមែន គឺអ្វីនឹងត្រៀមរួចជាស្រេចពិសេសបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្រក្នុងស្រុក។
ប៉ុន្តែប្រភពពីអ្នកសិល្បៈដដែលខាងលើបានលើកឡើងថាគម្រោងខាងលើគឺច្បាស់លាស់រួចហើយហើយផលិតកម្មបានថ្នមចិត្ត ខេមរៈ សិរីមន្ត និងបងប្រុសខ្លាំងនិងផ្តល់ឱកាសជាច្រើនសម្រាប់តារាចម្រៀងរូបនេះ ទាំងការលើកមុខមាត់ ការជ្រើសរើសបទចម្រៀងថ្មី និងការចេញទៅច្រៀងនៅក្រៅប្រទេសជាដើម។
ក្រៅពីនេះផលិតកកម្មក៏បានត្រៀមរួចជាស្រេចនូវបទចម្រៀងថ្មីទោលជាច្រើនបទ និងបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងស្រីប្រចាំផលិតកម្មនេះផងដែរ៕ វឌ្ឍនា