ភ្នំពេញ៖ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនកាហ្វេប្រោន (Brown) ដែលជាម៉ាកយីហោក្នុងស្រុកនិងមានប្រជាប្រិយភាពខ្លាំងជាងគេបំផុតនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីសន្លាងរបស់ខ្លួនមួយទៀតហើយនៅទួលទំពូងរាជធានីភ្នំពេញហើយក្រុមហ៊ុនមានមោទនភាពដែលបានរចនាតុបតែងហាងកាហ្វេថ្មីនេះ ដោយយកលំនាំតាមស្ថាបត្យកម្មខ្មែរអំឡុងយុគសម័យមាសរបស់ខ្លួន។
នៅពេលដែលបានបើកហាងកាហ្វេរបស់ខ្លួនដំបូងកាលពីឆ្នាំ ២០០៩ ប្រោនបានពង្រីកខ្លួនទូទាំងទីក្រុងភ្នំពេញ ហើយកាលពីឆ្នាំទៅ ប្រោនក៏បានបើកហាងកាហ្វេរបស់ខ្លួនដំបូងនៅឯក្រុងសៀមរាបផងដែរ។ ការបើកសម្ពោធហាងកាហ្វេថ្មីនៅទួលទំពួង ដែលជាទូទៅត្រូវបានគេហៅឈ្មោះថា “ផ្សាររុស្ស៊ី” នោះ គឺជាសាខាដែលស្ថិតនៅភាគខាងត្បូងបំផុត របស់កាហ្វេ ប្រោន នៅក្នុងរាជធានីភ្នំពេញ ។
លោក លីវ ឈួង នាយកគ្រប់គ្រងក្រុមហ៊ុនកាហ្វេប្រោនបានពន្យល់ថា៖ “ទួលទំពួងបានក្លាយជាតំបន់ពេញនិយមបំផុតមួយ នៅកណ្តាលទីក្រុងភ្នំពេញ។ តំបន់នេះមានភាពរស់រវើក ជាតំបន់ដែលអាចធ្វើដំណើរដោយថ្មើរជើងបាន និងជាសហគមន៍មួយដែលរឹងមាំ ។ តំបន់នេះក៏កាន់តែមានការពេញនិយមខ្លាំងឡើងផងដែរ ដោយសារតែសម្បូរទៅដោយលំនៅដ្ឋាន ការិយាល័យ សាលារៀន ហាងលក់ទំនិញ ភោជនីយដ្ឋាន និងផ្សារទួលទំពូងដែលមានឈ្មោះល្បី។ យើងបានចំណាយពេលវេលាស្វែងរកទីតាំងដែលល្អឥតខ្ចោះនេះ។ ការស្វែងរកបានបញ្ចប់ក្នុងខែមេសា នៅពេលដែលយើងបានរកឃើញទីតាំងដែលស្ថិតនៅជិតផ្សារ ហើយចាប់ពីពេលនោះមក យើងផ្តោតសំខាន់ ទៅលើការបង្កើតទីតាំងមួយ ដែលស្របតាមអត្តសញ្ញាណនៃសហគមន៍នេះ”។
លោក លីវ ឈួង បានបន្ថែមទៀតថា៖ “គោលបំណងរបស់យើងគឺចង់បង្កើតទីតាំងមួយ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីបេសកម្មរបស់យើង ក្នុងការបង្កើតបទពិសោធន៏កាហ្វេពិសេសមួយ នៅក្នុងបរិយាកាស ដែលអតិថិជនទាំងក្មេង ទាំងចាស់ ទាំងប្រជាជនក្នុងស្រុក និងជនបរទេស អាចមកធ្វើការ និងជជែកប្រាស្រ័យទាក់ទងគ្នាបាន។ ជាពិសេស យើងជឿថា កាហ្វេគឺជាការនាំមនុស្សឲ្យមកស្គាល់គ្នា ។ យើងសប្បាយចិត្តមែនទែនចំពោះការរចនាតុបតែងអគារនេះ ហើយយើងសង្ឃឹមថា ទីតាំងថ្មីនេះ អាចបម្រើអតិថិជននៅសហគមន៍នេះបានយ៉ាងល្អ”។
ស្ថាបត្យករ ឡាក់ ស៊ុនហេង មកពីក្រុមហ៊ុន HKA បានពន្យល់ថា ធាតុផ្សំនៃការរចនាផ្នែកខាងក្នុង និងផ្នែកខាងក្រៅ គឺច្បាស់ណាស់ បានយកលំនាំតាមការរចនាដ៏ប៉ិនប្រសប និងជានិមិត្តរូបរបស់លោក វណ្ណ ម៉ូលីវណ្ណ និងរចនាបទ “ខ្មែរសម័យថ្មី” របស់លោក ។ ការរចនាអគារនេះ បានប្រើប្រាស់នូវទម្រង់មួយដែលធ្វើឲ្យនឹកឃើញដល់ រូបរាង អក្សរ “V” ដែលជានិមិត្តសញ្ញារបស់លោក វណ្ណ ម៉ូលីវណ្ណ ។ ការប្រើប្រាស់រុក្ខជាតិបៃតង និងវិធីសាស្ត្របុរាណអនុញ្ញាតឲ្យខ្យល់ និងពន្លឺចូលមកក្នុងបាន ហើយការគោរពដល់សិទ្ធិឯកជនរបស់អតិថិជននៅខាងក្នុង គឺធានាថាអគារនេះមានភាពត្រជាក់ មានពន្លឺ និងមានថាមពល។
ជាផ្នែកមួយនៃការបន្តគាំទ្រដល់អ្នករចនាម៉ូតនិងវិចិត្រករកម្ពុជាសាខាថ្មីនេះគឺមានបំពាក់ស្នាដៃសិល្បៈដោយលោក ថាំង សុធា ។រូបចម្លាក់ដែកថែប លាយដែក និងដើមធ្មៃ គឺយកលំនាំតាមមែកដើមកាហ្វេ ។ នេះជាស្នាដៃសិល្បៈទីពីររបស់លោក សម្រាប់ហាងកាហ្វេប្រោន ដោយស្នារដៃដំបូងត្រូវបានធ្វើឡើងនៅសាខាកាហ្វេប្រោនទួលគោក ។ នៅសាខាផ្សេងទៀត ស្នាដៃសិល្បៈរបស់វិចិត្រករដ៏ល្បី គឺលោក ពេជ្រ សុភាព ត្រូវបានបង្ហាញនៅឯសាខាកាហ្វេប្រោន រ៉េនទ្រី តាមបណ្ដោយវិថីព្រះអង្គឌួង ៕ វឌ្ឍនា