ព័ត៌មានទាន់ហេតុការណ៍៖

SCG បន្តរួមចំណែកដល់ការអភិវឌ្ឍជំនាញបាល់ទាត់ សម្រាប់យុវជនកម្ពុជា

ចែករំលែក៖

ខេត្តកំពត ៖ក្រុមហ៊ុន អេសស៊ីជី (SCG) បានបង្ហាញពីការបន្តប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមចំណែកដល់សហគមន៍ ជាពិសេសសម្រាប់យុវជនកម្ពុជា ដែលនឹងក្លាយជាអនាគតនៃការអភិវឌ្ឍប្រទេស តាមរយៈការរៀបចំ ព្រឹត្តិការណ៍ “Kick & Share by SCG” ដែលជាកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់ សម្រាប់កុមាររាប់រយនាក់ នៅក្នុងខេត្តកំពត។

បើយោងតាមលោក ប្រារ៉ាម៉េត ភីមផាប៊ូត (Praramate Pimpaboote) ប្រធានរោងចក្រកំពតស៊ីមេន ខូ អិលធីឌី បានឲ្យដឹងថា ការអភិវឌ្ឍធនធានមនុស្សតាមរយៈកីឡា គឺជាផ្នែកមួយសំខាន់របស់ក្រុមហ៊ុនអេសស៊ីជី ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើង។ លោក បានមានប្រសាសន៍ថា៖ “តាមរយៈកម្មវិធីហ្វឹកហាត់បាល់ទាត់ ‘Kick & Share by SCG’ យើងសង្ឃឹមថាកុមារនៅកម្ពុជា នឹងប្រើប្រាស់ពេលទំនេររបស់ពួកគេ ទៅលើសកម្មភាពដែលមានប្រយោជន៍ ដូចជាការលេងកីឡាជាដើម ក្នុងគោលបំណងអភិវឌ្ឍជំនាញទំនាក់ទំនងសង្គម និងជំនាញកីឡារបស់ខ្លួន ជាមួយមិត្តភក្តិ ហើយកុមារមួយចំនួននោះ អាចនឹងក្លាយជាតារាបាល់ទាត់របស់កម្ពុជាទៅថ្ងៃអនាគត។ ជាផ្នែកមួយនៃដំណើរការអាជីវកម្មរបស់យើង កម្មវិធីនេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោងទំនួលខុសត្រូវសង្គម ជាច្រើនទៀត (CSR) របស់ក្រុមហ៊ុន ដែលមានគោលបំណងលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍ ដែលក្រុមហ៊ុនយើងមានវត្តមានដែរ” ។

តាមរយៈគំនិតផ្តួចផ្តើមនេះ និងតាមរយៈភាពជាដៃគូជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្រុមហ៊ុន អេស ស៊ី ជី បានផ្តល់វគ្គហ្វឹកហាត់បាល់ទាត់ ដោយមានការចូលរួមពីគ្រូបង្វឹកកំពូលៗមកពីក្លឹបបាល់ទាត់ភ្នំពេញក្រោន សម្រាប់កុមារជាង ១៦០នាក់ នៅស្រុកបន្ទាយមាស ក្នុងខេត្តកំពត។ ថ្នាក់គ្រប់គ្រង និងបុគ្គលិក របស់ក្រុមហ៊ុន អេសស៊ីជី ក៏បានចូលរួម ដើម្បីសម្រួលការហ្វឹកហាត់ និងបានចែកសម្ភារៈកីឡាដល់កុមារ សម្រាប់ការហ្វឹកហាត់ទៅថ្ងៃក្រោយទៀត ។

លោកគ្រូ ប៉ែន ចាន់ថុន នាយកវិទ្យាល័យទូកមាស ដែលបាននាំសិស្សានុសិស្សមកចូលរួមក្នុងកម្មវិធីហ្វឹកហាត់ជំនាញបាល់ទាត់ ដោយក្រុមហ៊ុន SCG បានថ្លែងថា ការជួយជ្រោមជ្រែងបែបនេះនឹងជួយអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជាទៅថ្ងៃអនាគត។ លោក បានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា តាមរយៈការចូលរួមជ្រោមជ្រែងរបស់ក្រុមហ៊ុន និងសប្បុរសជន ហើយជាពិសេសការយកចិត្តទុកដាក់របស់ក្រសួង អប់រំ យុវជន និងកីឡា ទៅថ្ងៃអនាគត យើងនឹងមានកីឡាករល្អៗសម្រាប់ប្រទេសកម្ពុជាយើង”។

គួរបញ្ជាក់ដែរថាកម្មវិធីហ្វឹកហាត់បាល់ទាត់ “Kick & Share by SCG” នៅកម្ពុជា គឺបានផ្តួចផ្តើមដំបូង កាលពីឆ្នាំ២០១៦ នៅពេលកំពូលក្លឹបកីឡាបាល់ទាត់ថៃ SCG Muangthong United បានមកប្រកួតកីឡាបាល់ទាត់មិត្តភាពជាមួយក្រុមតារាបាល់ទាត់ All Star កម្ពុជា នៅទីក្រុងភ្នំពេញ និងបានចំណាយពេលវេលាដ៏មមាញឹករបស់ពួកគេ ជួយបង្វឹកកុមារកម្ពុជា។ ចាប់ពីពេលនោះមក កម្មវិធី “Kick & Share by SCG” ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។ ក្នុងខែសីហា នាឆ្នាំនេះ ក្រុមហ៊ុន អេសស៊ីជី ក៏បានរៀបចំកម្មវិធីហ្វឹកហាត់បាល់ទាត់បែបនេះ និងបានបរិច្ចាកសម្ភារៈកីឡា ដល់កុមារជាង ១០០ នាក់ នៅឯខេត្តស្វាយរៀងថែមទៀតផង៕ វឌ្ឍនា


ចែករំលែក៖