ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា និងជប៉ុនចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ប្រមាណ៣៥លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ប្រមាណ៣៥លានដុល្លារ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់ថា នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០ នាទីព្រឹក នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣ ៩៤២ លានយ៉េន (ប្រមាណ ៣៥ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «សាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់» ។

ក្រោមគំរោងខាងលើនេះ ស្ពានចំនួន៥ នៅលើផ្លូវជាតិលេខ៧៣ នៅក្នុងខេត្តក្រចេះ និងស្ពានចំនួន២ទៀត នៅលើផ្លូវជាតិលេខ១១ នៅក្នុងខេត្តព្រៃវែង នឹងត្រូវបានសាងសង់សម្រាប់ជំនួសស្ពានដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូននៅតាមបណ្តោយផ្លូវជាតិទាំងពីរនេះ។

គួរកត់សំគាល់ថា ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ កម្ពុជា បានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ប្រហែល២៤៩លានដុល្លារអាមេរិក ក្នុងនោះរួមមាន ហិរញ្ញប្បទានឥតសំណងប្រមាណ៤០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការពារទឹកជំនន់ ព្រមទាំងការកែលំអរប្រព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ និងកម្ចីសម្បទានដែលមានទឹកប្រាក់ប្រមាណ២០៩លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ៕ ថាច់ យ៉ាត

 


ចែករំលែក៖